នៅច្រកឆ្លងកាត់ព្រំដែន Bab al-Salameh ស្ថិតក្នុងខេត្ត Aleppo រថយន្តផ្ទុកអីវ៉ាន់ ចតជាជួរ ពេលដែលពលរដ្ឋស៊ីរីវិលត្រឡប់ពីប្រទេសទួរគីវិញ រង់ចាំឆ្លងកាត់ព្រំដែន ។
នៅក្នុងចំណោមពួកគេ ជាអ្នកដំណើរវិលត្រឡប់មកកាន់ប្រទេសកំណើតវិញគឺលោក Ahmed al-Hadid ដែលបានរត់ភៀសខ្លួនចេញពីប្រទេសធ្លាប់ហែកហួរដោយសារភ្លើងសង្រ្គាមស៊ីរី ហើយនិងបានស្វែងរកកន្លែងជ្រកកោននៅទីក្រុង Mersinរបស់ទួរគី កាលពីរយៈពេល ១ទសវត្សរ៍មុន ។
ពេលមកដល់ទីក្រុង al-Bab ស្ថិតក្នុងតំបន់ជនបទនៃខេត្ត Aleppo លោកនិយាយថា ស៊ីរីត្រូវបានរំដោះរួចហើយ ពួកយើងបានវិលត្រឡប់មកកាន់ប្រទេសរបស់ពួកយើងវិញដូចគ្នានឹងអ្នកដែលបានរស់នៅក្រៅប្រទេសរបស់ខ្លួនដែរ ហើយលោកសង្ឃឹមថានឹងមានអនាគតរុងរឿងនៅក្នុងប្រទេសកំណើតស៊ីរី ។
យោងតាមការអះអាងរបស់លោក Qutaiba Naji គឺជាប្រធានគ្រប់គ្រងច្រកព្រំដែន Bab al-Salameh និយាយថា ពលរដ្ឋស៊ីរីប្រហែល ១០ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសទួរគី មកកាន់ប្រទេសស៊ីរីវិញ តាមច្រកព្រំដែននេះ ចាប់តាំងពីដើមឆ្នាំ ២០២៥រហូតមក ក្រោមកម្មវិធីវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត ។
លោក Naji និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំនួនអ្នកដំណើរវិលត្រឡប់មកវិញក្នុង ១ថ្ងៃមានប្រហែល ១ពាន់នាក់ ឬ ១.២០០នាក់ ហើយលោករំពឹងថានឹងកើនឡើងបន្ថែមទៀត នៅដំណាច់ឆ្នាំសិក្សាក្នុងប្រទេសទួរគី ។
សូមបញ្ជាក់ថា សង្រ្គាមស៊ីវិលស៊ីរី បានផ្ទុះឡើងនៅក្នុងបដិវត្តន៍ពណ៌ឆ្នាំ ២០១១ ប្រឆាំងនឹងលោក Bashar al-Assad ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅក្រៅប្រទេស ៕