រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលីលោក Richard Marles បានជួបសមភាគីឥណ្ឌូនេស៊ីលោក Sjafrie Sjamsoeddin នៅក្នុងទីក្រុងហ្សាកាតានាថ្ងៃព្រសហ្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសជិតខាងទាំង ២ ។
លោក Marles បានចូលរួមពិធីស្វាគមន៍ផ្លូវការ បន្ទាប់មកបានផ្លាស់ប្តូរអំណោយរវាងប្រមុខការពារជាតិទាំង ២ ។
លោក Marles និយាយនៅក្នុងសន្និសីទសារព័ត៌មានថា អំឡុងជំនួបរបស់ពួកគេ ប្រមុខការពារជាតិទាំង ២បានពិភាក្សាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិដែលត្រូវបានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំមុន ដើម្បីផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់កងកម្លាំងការពាររបស់ប្រទេសទាំងពីរ អាចប្រតិបត្តិការចេញពីមូលដ្ឋានគ្នាទៅវិញទៅមក ។
លោកបន្តថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ យោធាឥណ្ឌូនេស៊ីនឹងធ្វើសមយុទ្ធនៅមូលដ្ឋានហ្វឹកហ្វឺនលើភ្នំ Bundy របស់អូស្រ្តាលី នាខែតុលាខាងមុខនេះ ។
ដំណើរទស្សនកិច្ចនេះដែរ បានកើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese ទៅកាន់ទីក្រុងហ្សាកាតាកាលពីខែមុន ជាទីដែលលោកបានជួប ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការការពារជាតិ និងពាណិជ្ជកម្មសកល ៕