ទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua របស់ចិន រាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជជែកគ្នាតាមទូរស័ព្ទ ។
Xinhua រាយការណ៍ទៀតថា ការជជែកគ្នាតាមទូរស័ព្ទនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់លោក Trump ដោយពុំបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេចំពោះការសន្ទនារបស់មេដឹកនាំទាំង ២ ។ វាបានកើតមានឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនរួមទាំងបញ្ហាពាណិជ្ជកម្ម និងបញ្ហាទិដ្ឋាការរបស់និស្សិត ។
នៅពេលមុននេះ សេតវិមានបានលើកឡើងពីលទ្ធភាពនៃការជជែកគ្នាតាមទូរស័ព្ទ ក្នុងនោះអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt និយាយកាលពីថ្ងៃចន្ទថា លោក Trumpទំនងជាជជែកគ្នាតាមទូរស័ព្ទជាមួយលោក Xiក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយាការខ្វែងគំនិតគ្នា ជុំវិញកិច្ចព្រមព្រៀងពន្ធកាលពីខែមុននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រួមទាំងការដោះស្រាយបញ្ហារ៉ែសំខាន់ៗផងដែរ ។
ប៉ុន្តែនៅព្រឹកថ្ងៃពុធ លោក Trumpបានធ្វើឲ្យក្តីសង្ឃឹមលែងសូវមាន សម្រាប់ដំណោះស្រាយឆាប់រហ័ស ។
លោក Trumpបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោកថា លោកចូលចិត្តលោកប្រធានាធិបតីចិន Xi តែងតែមាន ប៉ុន្តែគាត់ពិបាកណាស់ ហើយពិតជាពិបាកមែនក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយគាត់ ។
នៅពេលសួរពីអនុសាសន៍មួយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា គោលការណ៍ និងគោលជំហររបស់ទីក្រុងប៉េកាំងលើការអភិវឌ្ឍទំនាក់ទំនងចិន-សហរដ្ឋអាមេរិក គឺមិនផ្លាស់ប្តូរ ។
ចិនបានក្លាយជាគោលដៅធំបំផុតនៃសង្រ្គាមពន្ធរបស់លោក Trump ជាមួយនឹងទារពន្ធ ១៤៥ភាគរយបន្ថែមទៀតលើទំនិញរបស់ចិន ស្របពេលដែលភាគីទាំង ២ចូលរួមការកើនឡើងភាពតានតឹងសងសឹកគ្នាទៅវិញទៅមក ។ វិធានការតបតរបស់ចិនលើទំនិញសហរដ្ឋអាមេរិក បានកើនឡើងដល់ ១២៥ភាគរយ ៕