ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពល្អ ជាមួយប្រទេសចិនលើផ្នែកពាណិជ្ជកម្ម បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ ៥មិថុនាសប្ដាហ៍នេះ អំឡុងភាគីទាំងពីរបានយល់ព្រមលើកិច្ចពិភាក្សាបន្ថែមទៀតក្នុងគោលបំណងដោះស្រាយជម្លោះការដំឡើងពន្ធរវាងប្រទេសទាំងពីរ។

លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មិនគួរមានបញ្ហាណាមួយទាក់ទងនឹងភាពស្មុគស្មាញនៃផលិតផលរ៉ែកម្រ (Rare Earth) ទៀតទេ ។ក្រុមរបស់ពួកលោកនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះនៅទីតាំងមួយដែលនឹងត្រូវកំណត់។
លោក Trump បានសរសេរថា ការសន្ទនានេះត្រូវបានផ្តោតស្ទើរតែទាំងស្រុងលើបញ្ហាពាណិជ្ជកម្មប៉ុណ្ណោះ ។លោកទាំងពីរពុំបានពិភាក្សាអំពីប្រទេសរុស្ស៊ី-អ៊ុយក្រែន ឬអ៊ីរ៉ង់ទេ។
មេដឹកនាំទាំងពីរបានបន្តការអញ្ជើញគ្នាទៅវិញទៅមកឱ្យទៅបំពេញទស្សនកិច្ចរបស់ប្រទេសរៀងៗខ្លួននាពេលខាងមុខ នេះបើយោងតាមសេចក្តីសង្ខេបផ្លូវការនៃជំនួបតាមទូរស័ព្ទនេះ។
លោក Trump បានធ្វើអត្ថាធិប្បាយថាជំនួបតាមទូរស័ព្ទនេះគឺប្រព្រឹត្តទៅល្អណាស់ និងមានរយៈពេលប្រហែលមួយម៉ោងកន្លះដែលពោពេញដោយការសន្និដ្ឋានវិជ្ជមានបំផុតសម្រាប់ប្រទេសទាំងពីរ ។
រដ្ឋាភិបាលចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួថា សហរដ្ឋអាមេរិកគួរតែប្រកាន់យកទិដ្ឋភាពជាក់ស្តែងនៃវឌ្ឍនភាពដែលបានធ្វើ និងដកវិធានការអវិជ្ជមានទាំងឡាយដែលដាក់លើប្រទេសចិន ៕

