សកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា វិធានការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការរារាំងជនជាតិបរទេស ដែលស្វែងរកការសិក្សានៅស្ថាប័នអប់រំដ៏ល្បីល្បាញមួយនេះ មិនឱ្យចូលសហរដ្ឋអាមេរិកគឺជារឿងខុសច្បាប់ ហើយបានស្នើឱ្យចៅក្រមរារាំងរឿងនេះជាបន្ទាន់ ដើម្បីរង់ចាំការវែកញែកសម្រេចផ្លូវច្បាប់បន្ថែមទៀត។

សកលវិទ្យាល័យ Harvard បានធ្វើវិសោធនកម្មលើបណ្តឹងពីមុន ដែលខ្លួនបានប្តឹងលើរដ្ឋបាលលោក Trump ស្របពេលមានជម្លោះកាន់តែទូលំទូលាយជាមួយប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ ដើម្បីតតាំងជំទាស់នឹងសេចក្តីប្រកាសហាមប្រាមធ្វើដំណើរដែលលោក Trump បានដាក់ចេញកាលពីថ្ងៃពុធសប្ដាហ៍នេះ។
Harvard បាននិយាយនៅក្នុងឯកសារបណ្ដឹងរបស់ខ្លួនថា "សេចក្តីប្រកាសនោះបានបដិសេធនិស្សិតរបស់ Harvard រាប់ពាន់នាក់នូវសិទ្ធិចូលក្នុងទឹកដីអាមេរិក ដើម្បីបន្តការសិក្សា និងដើរតាមក្តីសុបិនរបស់ពួកគេ ហើយបម្រាមនោះក៏បានបដិសេធសិទ្ធិរបស់សកលវិទ្យាល័យក្នុងការបង្រៀនអ្នកទាំងនោះ។ បើពុំមាននិស្សិតអន្តរជាតិទេ Harvard ក៏មិនមែនជាសកលវិទ្យាល័យ Harvard ទៀតដែរ"។
អ្នកនាំពាក្យសេតវិមាន លោកស្រី Abigail Jackson បានហៅសាលា Harvard ថាជា "កន្លែងក្តៅគគុកនៃអ្នកប្រឆាំងជនជាតិអាមេរិក ប្រឆាំងជនជាតិជ្វីហ្វ និងជាអ្នកបង្កជម្លោះគាំទ្រក្រុមភេរវករ" នៅក្នុងការអះអាងដែលស្ថាប័នអប់រំនេះតែងបដិសេធពីមុនមក៕

