រដ្ឋាភិបាលអ៊ុយក្រែន បានរិះគន់ខ្លាំងៗលើការសម្រេចចិត្តយកទ្រព្យសម្បត្តិរុស្ស៊ី តម្លៃរាប់ពាន់លានអឺរ៉ូ ដែលត្រូវបានបង្កកនៅអឺរ៉ុប ហើយប្រគល់ទឹកប្រាក់នោះទៅឱ្យវិនិយោគិនលោកខាងលិច ដោយព្រមានថា ជំហាននេះបានធ្វើឱ្យជំហរអឺរ៉ុបចុះខ្សោយប្រឆាំងនឹងទីក្រុងមូស្គូ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសកម្មភាពមួយកាលពីខែមុន ដោយូឃ្លាំមូលបត្រ យូរ៉ូឃ្លៀ (Euroclear) របស់ប្រទេសបែលហ្ស៊ិក ក្នុងការយកសាច់ប្រាក់វិនិយោគិនរុស្ស៊ី ចំនួន ៣ពាន់លានអឺរ៉ូ (៣,៤ ពាន់លានដុល្លារ) ដែលបង្កកទុកនៅក្រុមហ៊ុននេះ រួចបង់ទៅឱ្យក្រុមហ៊ុនលោកខាងលិច ដែលបានខាតបង់ នៅពេលទីក្រុងមូស្គូ រឹបអូសយកប្រាក់របស់ពួកគេដែលកាន់កាប់នៅក្នុងប្រទេសរុស្ស៊ី។
ឥឡូវនេះ អ៊ុយក្រែនព្រមានថា ជំហាននោះបានបញ្ជូនសញ្ញាខុសឆ្គង ហើយគំរាមកំហែងធ្វើឱ្យអឺរ៉ុបចុះខ្សោយ នៅពេលកំពុងដោះស្រាយជាមួយរុស្ស៊ី ខណៈខ្លួនក៏កំពុងជជែកវែកញែក ជុំវិញការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីសរុប ៣០០ពាន់លានដុល្លារ ដែលជាប់គាំងនៅអឺរ៉ុប ដើម្បីសាងសង់ឡើងវិញ និងការពារអ៊ុយក្រែន ដែលរងគ្រោះពីសង្រ្គាម។
លោកស្រី Iryna Mudra មន្ត្រីជាន់ខ្ពស់នៅការិយាល័យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅក្នុងមតិសាធារណៈលើកដំបូងរបស់ទីក្រុងគីវថា "ប្រសិនបើវិនិយោគិនឯកជន ទទួលបានសំណងមុនជនរងគ្រោះពីសង្រ្គាម នោះនឹងអយុត្តិធម៌ខ្លាំងណាស់"។
ការរិះគន់នេះកើតឡើងនៅពេលដ៏សំខាន់សម្រាប់សម្ព័ន្ធមិត្តលោកខាងលិច ដែលគាំទ្រទីក្រុងគីវ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានឃ្លាតឆ្ងាយពីអឺរ៉ុប និងបង្ហាញមន្ទិលសង្ស័យលើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការការពារជាតិអ៊ុយក្រែន និងទណ្ឌកម្មរបស់រុស្ស៊ី៕