ក្រុមអាជ្ញាធរទីក្រុង Kyiv បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលផ្លោងទៅកាន់គោលដៅជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ដោយក្រុមមន្ត្រីរាយការណ៍ថាតំបន់លំនៅដ្ឋានជាច្រើននៃរដ្ឋធានីនេះ ត្រូវបានវាយប្រហារ និងមនុស្សយ៉ាងហោចណាស់បីនាក់បានរងរបួស។

ប្រមុខរដ្ឋបាលយោធាទីក្រុង Kyiv លោក Tymur Tkachenko បាននិយាយថា អគ្គិភ័យដែលបណ្តាលមកពីការធ្លាក់កម្ទេចកម្ទី និងការវាយប្រហារដោយយានដ្រូន ត្រូវបានគេរាយការណ៍នៅក្នុងអគារននានានៅទូទាំងទីក្រុង Kyiv ខណៈអ៊ុយក្រែនព្យាយាមទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។
លោក Tkachenko បានចោទប្រកាន់រុស្ស៊ីពីការវាយលុកតំបន់លំនៅដ្ឋានដោយយានដ្រូនដោយនិយាយថាអគារខ្ពស់មួយនៅសង្កាត់ Solomyansky នៃរដ្ឋធានី Kyiv ត្រូវបានខូចខាត។
អ៊ុយក្រែនរងការវាយប្រហារទាំងយប់ដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី។គេមិនច្បាស់ទេថាតើការវាយលុកពេលយប់នោះ គឺជាការវាយប្រហារសងសឹកដែលបានប្ដេជ្ញាដោយលោកប្រធានាធិបតី Vladimir Putin ឬយ៉ាងណា បន្ទាប់ពីការវាយឆ្មក់ដ៏អង់អាចរបស់អ៊ុយក្រែនលើអាកាសយានដ្ឋានជ្រៅក្នុងទឹកដីប្រទេសរុស្ស៊ី។
អភិបាលក្រុង Kyiv លោក Vitali Klitschko ក៏បានរាយការណ៍អំពីអគ្គិភ័យក្នុងស្រុក Holosiivskyi និងស្រុក Darnytskyi នៃរដ្ឋធានីរបស់អ៊ុយក្រែនផងដែរ ហើយបាននិយាយថា មនុស្ស ៣ នាក់បានរងរបួស៕

