អនុប្រធានាធិបតីចិន លោក Han Zheng កាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ដែលជួបជាមួយសមាជិកនៃគណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ចិន-អាមេរិក ច្រកទី២ នៅទីក្រុងប៉េកាំង បានលើកឡើងថា ចិន គាំទ្រកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅមក និងបន្តសន្តិសហវិជ្ជមាន ឬការរួមរស់នឹងគ្នាដោយសន្តិភាព ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Han Zheng ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍កណ្តាលចិនថា "ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតក្នុងពិភពលោកសព្វថ្ងៃ ហើយបច្ចុប្បន្នកំពុងឈរនៅចំណុចប្រសព្វប្រវត្តិសាស្ត្រមួយ"។ សេចក្ដីរាយការណ៍បន្តថា “ការគោរពគ្នាទៅមក ការបន្តសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការ បានផ្តល់ផលប្រយោជន៍ឱ្យគ្នារវាងចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍពិភពលោកផងដែរ"។
លោក Han បានសម្តែងក្តីសង្ឃឹមថា កិច្ចសន្ទនាកម្រិតខ្ពស់នេះ នឹងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ និងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ឱ្យស្ថិតស្ថេរយូរអង្វែង មានសុខភាពល្អ និងប្រកបដោយចីរភាព។
គណៈប្រតិភូអាមេរិកនិយាយថា កិច្ចសន្ទនានេះមានប្រយោជន៍សម្រាប់ភាគីទាំងពីរក្នុងការយល់កាន់តែច្បាស់ពីគ្នា និងផ្តល់គំនិតដែលមានប្រយោជន៍បន្ថែមទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ គណៈប្រតិភូនេះលើកឡើងថា ប្រទេសទាំងពីរគួរតែបង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាពាណិជ្ជកម្ម និងការវិនិយោគជាដើម៕

