អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើវិស័យអប់រំ ក្នុងការឆ្លើយតបនឹងសំណួរអ្នកកាសែតអំពីការសម្រេចចិត្តចុងក្រោយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការផ្អាកមិនឱ្យចូលទឹកដីអាមេរិក លើខ្លួននិស្សិតអន្តរជាតិ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ។

លោក Lin បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបំផ្លាញតែមុខមាត់ និងភាពជឿជាក់របស់ខ្លួនឯងប៉ុណ្ណោះតាមរយៈវិធានការពាក់ព័ន្ធបែបនេះ។ លោកបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ស្របច្បាប់របស់និស្សិត និងអ្នកប្រាជ្ញរបស់ខ្លួននៅបរទេស។

គួរឱ្យដឹងថា សេតវិមាន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដើម្បីរឹតបន្តឹងទិដ្ឋាការនិស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard ដែលជាការវាយប្រហារចុងក្រោយបំផុតទៅលើសាកលវិទ្យាល័យដ៏ចំណាស់ជាងគេ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតរបស់សហរដ្ឋអាមេរិក៕

