សហភាពអឺរ៉ុប បានជំរុញឱ្យប្រទេសចិនបន្ធូរបន្ថយការរឹតបន្តឹងលើវត្ថុធាតុកម្រដ៏មានសារៈសំខាន់សម្រាប់អ្វីគ្រប់យ៉ាងចាប់ពីរថយន្តរហូតដល់ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ បន្ទាប់ពីការគ្រប់គ្រងការនាំចេញរបស់ទីក្រុងប៉េកាំងបានរំខានការផ្គត់ផ្គង់ និងបង្កឱ្យមានភាពចលាចលផលិតកម្មនៅទូទាំងឧស្សាហកម្មនៅអឺរ៉ុប និងអាមេរិក។

លោក Maros Sefcovic ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយថាបញ្ហានេះគឺជាអាទិភាពក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារសប្ដាហ៍នេះរបស់លោកជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Wentao នៅខាងក្រៅសន្និសីទអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
លោក Sefcovic បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបានជូនដំណឹងដល់សមភាគីចិនរបស់លោករួចហើយអំពីស្ថានភាពគួរឱ្យព្រួយបារម្ភក្នុងឧស្សាហកម្មរថយន្តនៅអឺរ៉ុប ប៉ុន្តែលោកចង់និយាយថា រ៉ែកម្រ និងមេដែក គឺពិតជាចាំបាច់សម្រាប់ផលិតកម្មឧស្សាហកម្មបែបនេះ ។
នៅកម្រិតខ្ពស់នៃជម្លោះពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិកក្នុងខែមេសា ប្រទេសចិនបានបង្កើនភាពលេចធ្លោជាសាកលរបស់ខ្លួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ និងបានដាក់ការត្រួតពិនិត្យការនាំចេញថ្មីលើរ៉ែកម្រចំនួន ៧ ប្រភេទ និងមេដែកជាច្រើនប្រភេទ ដែលចាំបាច់សម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីគ្រឿងអេឡិចត្រូនិច និងយានជំនិះប្រចាំថ្ងៃ រហូតដល់អាវុធធុនធ្ងន់ ដូចជាយន្តហោះចម្បាំង F-35 ជាដើម។ ប្រទេសចិនគ្រប់គ្រង ៩០% ក្នុងដំណើរការជាសកលនៃប្រភពរ៉ែកម្រ៕

