រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា ទីក្រុងប៊ែរឡាំង ត្រូវការកម្លាំងទាហានបន្ថែមទៀតរហូតដល់ ៦០.០០០នាក់ ក្រោមគោលដៅថ្មីរបស់អង្គការណាតូ សម្រាប់សព្វាវុធ និងបុគ្គលិក ខណៈសម្ព័ន្ធយោធាមួយនេះស្វះស្វែងបង្កើនកម្លាំងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងកំពុងកើនឡើងពីរុស្ស៊ី។

លោក Pistorius បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំជាមួយសមភាគីអង្គការណាតូ នៅទីក្រុងព្រុចសែល ដែលបានចុះហត្ថលេខាលើគោលដៅថ្មីនេះថា "អាល្លឺម៉ង់ កំពុងបង្កើនការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប"។ លោកបន្តថា សរុបមក កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ឈ្មោះថា Bundeswehr ត្រូវការទាហានសកម្មបន្ថែមប្រហែល ៥ម៉ឺន ទៅ ៦ម៉ឺននាក់ នៅគ្រប់សាខាយោធា។
ការទាមទារថ្មីៗជាច្រើនត្រូវបានកែសម្រួលទៅតាមផែនការការពារថ្មីរបស់សម្ព័ន្ធយោធា នេះបើតាមឯកសារសម្ងាត់រាប់ពាន់ទំព័រ ដែលចងក្រងឡើងជាលើកដំបូងចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដោយរៀបរាប់លម្អិតអំពីវិធីសាស្រ្តដែលកងកម្លាំងសម្ព័ន្ធមិត្ត នឹងឆ្លើយតបចំពោះការវាយប្រហារណាមួយរបស់រុស្ស៊ី លើអង្គការណាតូ។
ដោយបកប្រែផែនការទាំងនេះទៅជាឧបករណ៍យោធាដែលត្រូវការ អង្គការណាតូបានរកឃើញការខ្វះខាតយ៉ាងខ្លាំងនៅក្នុងផ្នែកផ្សេងៗរបស់ខ្លួន - រាប់ចាប់ពីទ្រង់ទ្រាយធំនៃកងទ័ពជើងគោកដែលត្រៀមប្រយុទ្ធរួចជាស្រេច រហូតដល់សព្វាវុធរយៈចម្ងាយឆ្ងាយ ឃ្លាំងគ្រាប់រំសេវគ្រប់គ្រាន់ និងការទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាដើម៕

