នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា អ៊ីស្រាអែល កំពុងបំពាក់អាវុធដល់ក្រុមបក្សពួកនៅតំបន់ហ្កាហ្សា ដែលលោកនិយាយថា ជាពួកប្រឆាំងជំទាស់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានដកស្រង់ប្រភពការពារជាតិ ដែលនិយាយថា លោក Netanyahu បានអនុញ្ញាតឱ្យផ្តល់អាវុធដល់ក្រុមជាក់លាក់មួយនៅភាគខាងត្បូងហ្កាហ្សា។

អ្នកនយោបាយអ៊ីស្រាអែលជាច្រើនបានចោទលោក Netanyahu ថាបង្កគ្រោះថ្នាក់ដល់សន្តិសុខអ៊ីស្រាអែលជុំវិញការបំពាក់អាវុធនេះ។ ក្នុងវីដេអូបង្ហោះខ្លីមួយ លោក Netanyahu បាននិយាយ "តើមានបញ្ហាអ្វីចំពោះរឿងបែបនេះ? ជំហាននេះមានតែបានផលល្អជួយសង្គ្រោះដល់អាយុជីវិតរបស់ទាហានអ៊ីស្រាអែលប៉ុណ្ណោះ"។
រដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះចង់សំដៅដល់របាយការណ៍ដែលថា អ៊ីស្រាអែល នៅក្រោមការអនុញ្ញាតរបស់លោក បាននិងកំពុងផ្គត់ផ្គង់អាវុធដល់ក្រុមមួយនៅហ្កាហ្សា ដែលដឹកនាំដោយបុរសម្នាក់ឈ្មោះថា Yasser Abu Shabab។ ក្រុមដែលអ្នកខ្លះមើលឃើញថាជាកងជីវពល ឬក្រុមឧក្រិដ្ឋជនមួយនេះ បានបង្ហាញខ្លួនថាជាកងកម្លាំងប្រឆាំងតទល់នឹងក្រុមហាម៉ាស។
ប្រភពការពារជាតិបានបញ្ជាក់ជាបន្តបន្ទាប់ថា អ៊ីស្រាអែលបានបំពាក់អាវុធដល់ក្រុម Abu Shabab ជាមួយនឹងកាំភ្លើងវែងឈ្មោះថា Kalashnikov រួមទាំងអាវុធខ្លះដែលត្រូវបានរឹបអូសពីក្រុមហាម៉ាស។ ក្រុមនេះបាននិងកំពុងប្រតិបត្តិការក្នុងក្រុង Rafah នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល៕

