ប្រធានាធិបតីចិន លោក Xi Jinping បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា ការសន្ទនា និងកិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចពិភាក្សាតាមទូរសព្ទ ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក Donald Trump លោក Xi បាននិយាយថា ការរំលឹកឡើងវិញនូវទិសដៅនៃនាវាទំនាក់ទំនងចិន-អាមេរិក ទាមទារឱ្យភាគីទាំងពីរគ្រប់គ្រង និងកំណត់ផ្លូវត្រឹមត្រូវ ដោយបន្ថែមថា នេះមានសារៈសំខាន់ជាពិសេសក្នុងការជម្រះការបង្អាក់ និងការរំខានផ្សេងៗ។

ដោយគូសបញ្ជាក់ពីសំណើរបស់ភាគីអាមេរិក ដែលនាំឱ្យមានជំនួបសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងមន្ត្រីនាំមុខប្រទេសទាំងពីរនៅក្រុងហ្សឺណែវកាលពីពេលថ្មីៗនេះ លោក Xi បាននិយាយថា នេះក្លាយជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធ តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់ ហើយត្រូវបានស្វាគមន៍ដោយសង្គមទាំងពីរ និងសហគមន៍អន្តរជាតិ។

លោកបន្តថា ភាគីទាំងពីរត្រូវតែប្រើប្រាស់ឱ្យបានល្អនូវយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានស្រាប់ ហើយស្វែងរកលទ្ធផលឈ្នះ-ឈ្នះ ក្នុងស្មារតីសមភាព និងការគោរពគ្នាចំពោះកង្វល់របស់ភាគីទាំងពីរទៅវិញទៅមក។ លោក Xi បានសង្កត់ធ្ងន់ថា ប្រជាជនចិន តែងតែគោរព និងផ្តល់ឱ្យនូវអ្វីដែលបានសន្យា ដោយជំរុញឱ្យភាគីទាំងពីរធ្វើឱ្យបានល្អលើកិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងហ្សឺណែវ៕