ប្រធានក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែមិថុនាថា លោកនឹងចាប់ផ្តើម «ផ្អាក» យានអវកាស Dragon របស់ក្រុមហ៊ុនលោក ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនអវកាសយានិករបស់ទីភ្នាក់ងារNASA ទៅនិងមកពីស្ថានីយ៍អវកាសអន្តរជាតិ បន្ទាប់ពីប្រធានា ធិបតីសហរដ្ឋអាមេរិក លោក Donald Trump គំរាមបញ្ចប់កិច្ចសន្យារដ្ឋាភិបាលរបស់លោក។

លោក Musk បានសរសេរនៅលើបណ្តាញ X. ថា «នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីអំពីការលុបចោលកិច្ចសន្យារដ្ឋាភិបាលរបស់ខ្ញុំ ក្រុមហ៊ុនSpaceX នឹងចាប់ផ្តើមផ្អាកយានអវកាស Dragon របស់ខ្លួនភ្លាមៗ»។
ជោគវាសនានៃកិច្ចសន្យានានារបស់រដ្ឋាភិបាល ជាមួយក្រុមហ៊ុនSpaceX ដែលមានតម្លៃប្រហែល២២ពាន់លានដុល្លារ ស្ថិតក្នុងបញ្ហាប្រឈមស្របពេលការផ្ទុះជម្លោះដ៏តានតឹងរវាង លោក Musk និងលោក Trump ជុំវិញសេចក្តីស្នើច្បាប់ចំណាយរបស់រដ្ឋបាលលោកTrump។

បន្ទាប់ពីការប្រកាសរបស់លោក Musk អ្នកនាំពាក្យរបស់ទីភ្នាក់ងារ NASA លោកស្រី Bethany Stevens បាននិយាយនៅលើបណ្តាញ X ថា ទីភ្នាក់ងារអវកាសរដ្ឋាភិបាលនឹង «បន្តប្រតិបត្តិផ្អែកតាមចក្ខុវិស័យរបស់លោកប្រធានាធិបតីសម្រាប់អនាគតនៃអវកាស» ។
លោកស្រីនិយាយថា «យើងនឹងបន្តធ្វើការជាមួយដៃគូឧស្សាហកម្មរបស់យើង ដើម្បីធានាឱ្យបាននូវគោលបំណងរបស់លោកប្រធានាធិបតីនៅក្នុងផ្នែកអវកាស»។