ប្រធានាធិបតីអាមេរិកលោក Donald Trump ទទូចថាសម្ព័ន្ធមិត្តរបស់អាមេរិកគួរតែចំណាយយ៉ាងហោចណាស់ ៥% ដូច្នេះអាមេរិកអាចផ្តោតលើអាទិភាពសន្តិសុខនៅតំបន់ផ្សេងទៀត ដែលភាគច្រើននៅឥណ្ឌូប៉ាស៊ីហ្វិក និងនៅតាមព្រំដែនរបស់ខ្លួន។

អគ្គលេខាធិការសម្ព័ន្ធភាពយោធា លោក Mark Rutte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សម្ព័ន្ធមិត្តអាមេរិក ភាគច្រើននៅអង្គការNATO បានគាំទ្រការទាមទាររបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាពួកគេត្រូវវិនិយោគ៥% នៃផលិតផលក្នុងស្រុកសរុប(GDP) លើវិស័យការពារជាតិ ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការចំណាយផ្នែកសន្តិសុខ។

លោក Rutte បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការ NATO នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាពនេះក្នុងទីក្រុង Brussels ថា មានការគាំទ្រយ៉ាងទូលំទូលាយចំពោះការទាមទាររបស់ប្រធានាធិបតីអាមេរិក។

ប្រមុខណាតូរូបនេះនិយាយថាលោកមានទំនុកចិត្តទាំងស្រុងថាពួកលោកនឹងឈានដល់ចំណុចនោះ នៅកិច្ចប្រជុំកំពូលរបស់ណាតូបន្ទាប់ក្នុងរយៈពេលបីសប្តាហ៍ទៀត។
ក្រុមសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា បាននិងកំពុងវិនិយោគយ៉ាងច្រើនក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក៏ដូចជាលើអាវុធ និងគ្រាប់រំសេវ ចាប់តាំងពីរុស្ស៊ីបានបើកការវាយលុកពេញបន្ទុកលើអ៊ុយក្រែនកាលពីឆ្នាំ២០២២។ក្នុងពេលជាមួយគ្នានេះ សមាជិកខ្លះបានរិះគន់ចំពោះការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការវិនិយោគ៥% នៃGDP លើវិស័យការពារជាតិ ក្នុងនោះ ៣,៥% លើការចំណាយយោធាស្នូល និង១,៥% លើផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ដែលត្រូវការដើម្បីដាក់ពង្រាយកងទ័ពឱ្យបានឆាប់រហ័ស៕