ប្រមុខសម្ព័ន្ធយោធាណាតូ និយាយថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិករបស់សម្ព័ន្ធនេះ បានគាំទ្រយ៉ាងទូលំទូលាយនូវសំណើរបស់លោក ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។

អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់សម្ព័ន្ធមិត្តនេះ។

លោក Rutte អំពាវនាវឱ្យសមាជិកណាតូ បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣២។ គោលដៅរួមមាន៣,៥ ភាគរយលើការចំណាយលើវិស័យការពារជាតិស្នូល និង១,៥ ភាគរយលើការវិនិយោគទាក់ទងវិស័យការពារជាតិ និងសន្តិសុខ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ។

សំណើនេះ បានគាំទ្រដល់ការទាមទាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលនិយាយថាសមាជិកណាតូ ត្រូវបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។ លោក Rutte និយាយថា «សម្ព័ន្ធមិត្តទំាងអស់ បានយល់» ពីតម្រូវការដើម្បីបន្ថែមការចំណាយលើការការពារជាតិរបស់ខ្លួន។ លោកបានលើកឡើងនូវអ្វីដែលលោកហៅថា «ការគំរាមកំហែងរបស់រុស្ស៊ី» និង «ការពង្រីកខ្លួនរបស់ប្រទេសចិន»។