ក្នុងពេលមានសីតុណ្ហភាពខ្ពស់ ប្រជាជនមូស្លីមមកពីជុំវិញពិភពលោក បានជួបជុំគ្នានៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងសប្តាហ៍នេះសម្រាប់ធម្មយាត្រាបុណ្យហាជីប្រចាំឆ្នាំ។

អ្នកដើរធម្មយាត្រាជាច្រើននាក់ ស្លៀកពាក់ពណ៌ស បានប្រើប្រាស់ឆ័ត្រ និងស្រោចទឹកលើមុខរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ដើម្បីរក្សាភាពត្រជាក់ខណៈពួកគេប្រារព្ធពិធីបុណ្យ Arafa ជាថ្ងៃដ៏សំខាន់បំផុតរបស់បុណ្យហាជី។

និយាយខណៈពេលកំពុងកាន់ឆ័ត្រ អ្នកដើរធម្មយាត្រាជនជាតិយេម៉ែនម្នាក់បាននិយាយថា សីតុណ្ហភាពធ្លាក់ចុះទាបជាងឆ្នាំមុន។ កាលពីឆ្នាំមុន វាមានកម្ដៅខ្លាំងក្នុងអំឡុងពេលបុណ្យហាជី ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងធ្លាក់ខ្លួនឈឺ ដែលត្រូវបានរាយការណ៍ក្នុងចំណោមអ្នកដើរធម្មយាត្រា ជាការបង្ហាញពីបញ្ហាប្រឈមសម្រាប់អ្នករៀបចំពិធី ខណៈសីតុណ្ហភាពកើនឡើងនៅទូទាំងពិភពលោក។
អ្នកដើរធម្មយាត្រាមូស្លីមរាប់ពាន់នាក់បានចាប់ផ្តើមមកដល់ទីក្រុង Mina នៅពេលព្រឹកព្រលឹម ថ្ងៃសុក្រ ទី៦ ខែមិថុនានេះ សម្រាប់ថ្ងៃដំបូងនៃពិធី «Stoning of the Devil» ក្នុងពិធីបុណ្យហាជីប្រចាំឆ្នាំ នៅឆ្នាំនេះ។