ទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ២០% នៅក្នុងខែមេសា ដោយកត់ត្រាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មានពីមុនមកជាប្រចាំខែនៃការនាំចូលរបស់សហរដ្ឋអាមេរិក នៅក្នុងការប្រឈមមុខនឹងរលកដំឡើងពន្ធ ដែលដាក់ចេញដោយលោកប្រធានាធិបតីអាមេរិក Donald Trump។
ការដកថយនេះឆ្លុះបញ្ចាំងពីការប៉ះទង្គិចភ្លាមៗចំពោះពាណិជ្ជកម្ម បន្ទាប់ពីក្រុមហ៊ុននានាបានប្រញាប់ប្រញាល់នាំផលិតផលចូលទៅក្នុងប្រទេសកាលពីដើមឆ្នាំនេះ ដើម្បីព្យាយាមទទួលបានតម្លៃល្អ មុនពេលពន្ធថ្មីលើការនាំចូលដែល Trump បានសន្យា។
ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថា ការទិញរបស់សហរដ្ឋអាមេរិក ពីដៃគូពាណិជ្ជកម្មធំៗដូចជាកាណាដា និងចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២១ និង២០២០ រៀងគ្នា។ របាយការណ៍និយាយថា ការធ្លាក់ចុះនេះបានជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក ដែលជាគម្លាតរវាងការនាំចេញ និងការនាំចូលទំនិញ ស្ទើរតែពាក់កណ្តាល ដែលជាតួលេខដ៏កំណត់ត្រាមួយ។
នៅម៉ិកស៊ិក ឧស្សាហកម្មដែកថែបនិយាយថា ការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ត្រូវកាត់បន្ថយពាក់កណ្តាលកាលពីខែមុន។ នៅកាណាដា ឱនភាពពាណិជ្ជកម្មបានកើនឡើងខ្ពស់ខ្លាំងពីខែមុន ដោយបានពង្រីកដល់ទៅ ៧,១ពាន់លានដុល្លារកាណាដា ខណៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងពេលបីខែជាប់ៗគ្នា។ របាយការណ៍ពីក្រសួងពាណិជ្ជកម្មអាមេរិកនេះ បង្ហាញថា ប្រភេទផលិតផលមួយចំនួនប៉ុណ្ណោះដែលមិនរងផលប៉ះពាល់ដោយការដំឡើងពន្ធ៕