ចៅក្រមអាមេរិក នៅថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) បានចេញដីកាហាមឃាត់បណ្ដោះអាសន្នដល់រដ្ឋបាលលោកប្រធានាធិបតី Donald Trump មិនឱ្យអនុវត្តបម្រាមធ្វើដំណើរ ដែលប្រធានាធិបតីរូបនេះបានរារាំងការចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក សម្រាប់ជនបរទេសដែលកំពុងស្វែងរកការសិក្សា ឬចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត នៅសកលវិទ្យាល័យ Harvard។
ដីការបស់ចៅក្រម Allison Burroughs ដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts បាននិយាយថា សកលវិទ្យាល័យដ៏ចំណាស់ជាងគេនៅសហរដ្ឋអាមេរិកមួយនេះ នឹងប្រឈមមុខនឹង "របួសភ្លាមៗ និងមិនអាចជួសជុលបាន" ប្រសិនបើសេចក្ដីប្រកាសហាមឃាត់ការធ្វើដំណើរនោះចូលជាធរមាន។
ដីកានេះកើតឡើងជាការឆ្លើយតបទៅនឹងបណ្តឹងដែលដាក់ដោយ Harvard នៅថ្ងៃព្រហស្បតិ៍ ដោយចោទលោក Trump ថាធ្វើ "ការសងសឹករបស់រដ្ឋាភិបាល" ដែលមានបំណងរារាំងការបញ្ចេញមតិដោយសេរី។ លោក Trump អះអាងថា បម្រាមនេះគឺចាំបាច់សម្រាប់ហេតុផលសន្តិសុខជាតិ ហើយចោទ Harvard ថាមិនបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ឈប់ការប្រឆាំងជនជាតិជ្វីហ្វនៅក្នុងបរិវេណសាលា។
សកលវិទ្យាល័យដែលមានទ្រព្យជាងគេបំផុតរបស់ពិភពលោកមួយនេះ បាននិងកំពុងប្រយុទ្ធផ្លូវច្បាប់ជាមួយរដ្ឋបាលលោក Trump បន្ទាប់ពីការង្កកមូលនិធិសហព័ន្ធរាប់ពាន់លានដុល្លារ និងការចោទប្រកាន់ស្ថាប័នអប់រំនេះថា បរាជ័យក្នុងការលុបបំបាត់ការប្រឆាំងជនជាតិជ្វីហ្វនៅក្នុងសកលវិទ្យាល័យ៕