ប្រជាជនចិន នៅថ្ងៃសុក្រ (០៦ មិថុនា) នេះ បានសម្តែងសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង បន្ទាប់ពីកិច្ចពិភាក្សាតាមទូរសព្ទរវាងលោកប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសង្ឃថាមានដំណោះស្រាយរយៈពេលវែងក្នុងជម្លោះពាណិជ្ជកម្ម ដោយអំពាវនាវឱ្យមានការគោរពគ្នាទៅមក និងការសន្ទនាឡើងវិញ ស្របពេលមានភាពតានតឹងពន្ធដែលកំពុងបន្ត។

ខណៈពេលដែលអ្នកស្រុកមួយចំនួននៅទីក្រុងសៀងហៃ ដាក់ក្ដីសង្ឃឹមសម្រាប់ដំណោះស្រាយ "ដ៏សន្តិភាព" ឆាប់រហ័សចំពោះជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន អ្នកស្រុកទីក្រុងប៉េកាំង ឈ្មោះ Tang Qi បានជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យបង្ហាញសុច្ឆន្ទៈរបស់ខ្លួន ដោយការដកពន្ធដែលខ្លួនបានដំឡើង និងការរឹតបន្តឹងទិដ្ឋាការនិស្សិត។

អ្នកស្រុកវ័យ ៣៨ឆ្នាំរូបនោះបាននិយាយថា "ប្រទេសចិន បានបង្ហាញសុច្ឆន្ទៈរបស់ខ្លួនរួចហើយ ហើយសង្ឃឹមថា សហរដ្ឋអាមេរិក អាចបោះជំហានដំបូងក្នុងការបង្ហាញសុច្ឆន្ទៈរបស់ខ្លួនវិញ ពីព្រោះថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវគោលនយោបាយរឹតត្បិតមួយចំនួន។ ប្រសិនបើអាមេរិក ថយក្រោយមួយជំហាន នោះអាចបើកឱកាសបន្ថែមទៀតសម្រាប់ដំណើរការនៅក្នុងការចរចាលើកក្រោយ"។

លោក Trump និងលោក Xi លើកពិភាក្សាពីភាពតានតឹងពាណិជ្ជកម្មជាច្រើនសប្តាហ៍ និងលើសារធាតុរ៉ែសំខាន់ៗ នៅក្នុងជំនួបទូរសព្ទដ៏កម្រមួយក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបានបន្សល់ទុកនូវបញ្ហាសំខាន់ៗជាច្រើនសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត។ យោងតាមសេចក្តីសង្ខេបរបស់រដ្ឋាភិបាលចិននៃកិច្ចសន្ទនានេះ លោក Xi ប្រាប់លោក Trump ឱ្យដកវិធានការពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន ហើយបានព្រមានលោកប្រឆាំងនឹងការគំរាមកំហែងចាត់វិធានការលើកោះតៃវ៉ាន់៕