រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនយល់ស្របទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងការច្រានចោលបណ្តឹងរបស់ខ្លួនទៅលើក្រុមហ៊ុនផលិតកាំភ្លើងរបស់សហរដ្ឋអាមេរិកចំនួន៨ សម្រាប់តួនាទីដែលត្រូវបានចោទប្រកាន់ក្នុងការជួញដូរអាវុធខុសច្បាប់ចូលទៅកាន់ប្រទេសម៉ិកស៊ិក។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេស បានសម្តែងការមិនយល់ស្របរបស់ខ្លួនចំពោះសេចក្តីសម្រេចដែលបានចេញដោយតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ឡើងវិញថា ប្រទេសម៉ិកស៊ិក «នឹងបន្តធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួនដើម្បីទប់ស្កាត់ការជួញដូរអាវុធខុសច្បាប់» ដោយប្រើប្រាស់ឲ្យអស់គ្រប់មធ្យោបាយដោះស្រាយផ្លូវច្បាប់ និងការទូត ដែលអាចធ្វើទៅបាន។
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានដោះលែងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិកពីបណ្តឹងរបស់រដ្ឋាភិបាលម៉ិកស៊ិក ដែលបានចោទប្រកាន់ក្រុមហ៊ុនពីបទផ្តល់ជំនួយក្នុងការជួញដូរអាវុធខុសច្បាប់ទៅដល់ក្រុមជួញដូរគ្រឿងញៀន និងបង្កអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេសម៉ិកស៊ិក។
កាលពីខែសីហា ឆ្នាំ២០២១ ប្រទេសម៉ិកស៊ិកបានដាក់ពាក្យប្តឹងក្រុមហ៊ុនផលិត និងអ្នកចែកចាយកាំភ្លើងរបស់សហរដ្ឋអាមេរិកចំនួន៨ នៅក្នុងតុលាការសហព័ន្ធទីក្រុង Boston រដ្ឋMassachusetts ដើម្បីស្វែងរកឱ្យពួកគេទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះលំហូរអាវុធដែលជំរុញឱ្យមានអំពើហិង្សា និងពង្រឹងរង្វង់ឧក្រិដ្ឋកម្ម ដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជនម៉ិកស៊ិក។

