កោះកុង៖ ប្រជាសហគមន៍ភូមិជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ចង់បានកិច្ចគាំទ្រពីអាជ្ញាធរ និងជំនាញ ដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយក្នុងមូលដ្ឋាន ដើម្បីរកស្វែងរកប្រាក់ចំណូលបន្ថែម។
ប្រជាសហគមន៍ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ បានប្រាប់BTV Newsថា ពួកគេមានបង្ហាញក្តីបារម្ភ អំពីទិន្នផលនេសាទពុំសូវទទួលបានផលច្រើនដូចឆ្នាំមុន ដោយសារតែមានទូក នេសាទជាច្រើនកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ លើផ្ទៃទឹកសមុទ្រ។
ពួកគេបានមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ក្នុងមូលដ្ឋានជំនួសវិញ រួមមាន ទេសភាពបៃតងខ្ចី នៃព្រៃកោងកាងគួរជាទីគយគន់ ខ្យល់អាកាសបរិសុទ្ធល្អ ឆ្នេរសមុទ្រខៀវស្រងាត់ ការជិះទូក ស្ទូចត្រីកម្សាន្ត ព្រមទាំងអាចលក់ផលិតផលអាហារស្រស់ៗជូនអ្នកទេសចរ មិនចាំបាច់ដឹកទៅលក់នៅទីផ្សារ។
ព្រោះតែការសម្លឹងមើលឃើញពីអាជីវកម្មគ្មានផ្សែងនេះហើយ ទើបពួកគេចង់បានកិច្ចគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរជំនាញ អង្គការដៃគូ ឱ្យមានការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយក្នុងមូលដ្ឋាន។
លោក ហាវ ឡាញ់ ប្រធានសហគមន៍ឆ្នេរនេសាទ ក្នុងភូមិជ្រោយស្វាយខាងលិច បានអះអាងថា កន្លងទៅ សហគមន៍របស់ពួកគេ ធ្លាប់បើកទ្វារទទួលអ្នកទេសចរ ដែលមានបំណងមកលេងកម្សាន្តដែរ ត្បិតបើកដំណើរការយូរឆ្នាំហើយក៏ដោយ តែព្រោះតែខ្វះធនធានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យទេសចរណ៍ គ្រាមានអ្នកទេសចរស្គាល់ទីតាំងនេះតិចតួច។
ពាក់ព័ន្ធបញ្ហានេះ ត្រូវបានលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ពន្យល់ថា លោកពុំជំ ទាស់បដិសេធពីបំណង ដែលថាពលរដ្ឋចង់បង្កើតឱ្យមានជាតំបន់អេកូទេសចរណ៍ធម្មជាតិក្នុងមូលដ្ឋាននោះទេ។
ដូច្នេះលោកស្នើសុំប្រជាសហគមន៍ធ្វើលិខិតសំណើមកកាន់អាជ្ញាធរឃុំ និងរដ្ឋបាលស្រុក ដើម្បី ពិចារណាចុះពិនិត្យទីតាំងសម្រេច ដោយមិនទាន់ក្តាប់ព័ត៌មានច្បាស់លាស់ថាទីតាំងនោះនៅទីណា។ អ្វីដែលលោកបារម្ភ ខ្លាចតែតំបន់នោះ ជាទីតាំងរដ្ឋហាមឃាត់ ឬជាប់ពាក់ព័ន្ធគម្រោងការវិនិយោគទុនរបស់ឯកជន៕ អត្ថបទ៖ ឈឹម មករា