រដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភនិងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការចូលរបស់ពលរដ្ឋយេម៉ែន ទៅកាន់ប្រទេសនេះ ជាផ្នែកមួយនៃការហាមឃាត់ការធ្វើដំណើរដ៏ទូលំទូលាយដែលប៉ះពាល់ដល់ប្រទេសជាច្រើន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba រដ្ឋាភិបាលយេម៉ែនបាននិយាយថា ការសម្រេចចិត្តនេះ នឹងមាន «ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ទៅលើប្រជាជនយេម៉ែនរាប់ពាន់នាក់ រួមទាំងសិស្ស អ្នកស្រាវជ្រាវ និងមេគ្រួសារ ដែលបាននិងកំពុងបន្តការប្តេជ្ញាចិត្តចំពោះច្បាប់របស់សហរដ្ឋអាមេរិក»។

រដ្ឋាភិបាលយេម៉ែន បានអំពាវនាវឲ្យរដ្ឋបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវសេចក្តីសម្រេចចិត្ត និងលើកលែងពលរដ្ឋយេម៉ែន ដោយលើកឡើងអំពី «ស្ថានភាពមនុស្សធម៌ដ៏លំបាក ដែលប្រជាជនយេម៉ែនកំពុងជួបប្រទះ»។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ពលរដ្ឋនៃប្រទេសចំនួន ១២ នឹងត្រូវបានហាមឃាត់មិនឲ្យទៅលេងសហរដ្ឋអាមេរិក រួមមាន អាហ្វហ្គានីស្ថាន ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី មីយ៉ាន់ម៉ា សូម៉ាលី ស៊ូដង់ និងយេម៉ែន។
ប្រទេសយេម៉ែន បានជាប់គាំងក្នុងជម្លោះ ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលក្រុមសកម្មប្រយុទ្ធហ៊ួទី បានដណ្តើមកាន់កាប់ទីក្រុង Sanaa និងតំបន់ភាគខាងជើងផ្សេងទៀត ដែលជំរុញឲ្យមានអន្តរាគមន៍ចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងឆ្នាំ ២០១៥ ដើម្បីស្ដាររដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
