អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមាន «ការការពារជាបន្ទាន់» ដល់មន្ទីរពេទ្យចុងក្រោយចំនួនពីរ ដែលនៅសេសសល់នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយព្រមានថា ប្រព័ន្ធសុខាភិបាលនៃទឹកដីនេះ កំពុង«ដួលរលំ»។
អង្គការ WHO បាននិយាយថា មន្ទីរពេទ្យ Nasser Medical Complex និង មន្ទីរពេទ្យ Al-Amal ប្រឈមនឹង «ការមិនដំណើរការ» ដោយសារតែមានការរឹតបន្តឹងលើជំនួយ និងផ្លូវចូល ដែលធ្វើឲ្យខូចខាតបន្ថែមទៀតដល់ប្រព័ន្ធសុខភាព ដែលត្រូវបានវាយប្រហារដោយសង្រ្គាមជាច្រើនខែរួចហើយនោះ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅបណ្តាញសង្គម X ថា៖« មិនមានមន្ទីរពេទ្យណាមួយ ដំណើរការនៅភាគខាងជើងនៃតំបន់ហ្កាហ្សានោះទេ។ មន្ទីរពេទ្យ Nasser និង Al-Amal គឺជាមន្ទីរពេទ្យសាធារណៈពីរចុងក្រោយ ដែលកំពុងដំណើរការនៅក្នុងទីក្រុង Khan Younis ដែលបច្ចុប្បន្នមានប្រជាជនជាច្រើន កំពុងរស់នៅ»។
ទីភ្នាក់ងារនេះ បាននិយាយថា៖«បើគ្មានមន្ទីរពេទ្យទាំងនេះទេ មនុស្សនឹងគ្មានមធ្យោបាយទទួលបានសេវាសុខភាពសំខាន់ៗទេ»។
អង្គការ WHO បានបន្ថែមថា ការបិទមន្ទីរពេទ្យទាំងពីរ នឹងដកគ្រែអ្នកជំងឺចំនួន ៤៩០ចេញ និងកាត់បន្ថយសមត្ថភាពមន្ទីរពេទ្យនៅតំបន់ហ្កាហ្សាឲ្យចំនួនគ្រែអ្នកជំងឺមកនៅតិចជាង ១.៤00 គឺ ៤០ ភាគរយ ក្រោមកម្រិតមុនសង្គ្រាម សម្រាប់ប្រជាជនចំនួន ២លាននាក់។
WHO ក៏បានបញ្ជាក់ថា មន្ទីរពេទ្យមិនត្រូវបានប្រាប់ឲ្យជម្លៀសទេ ប៉ុន្តែស្ថិតនៅខាងក្នុង ឬខាងក្រៅតំបន់ជម្លៀសដែលប្រកាសដោយអ៊ីស្រាអែល ដែលបានប្រកាសកាលពីថ្ងៃទី ០២ ខែមិថុនា។
