លោកអធិការបតី Friedrich Merz កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) បាននិយាយថា អាល្លឺម៉ង់ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតួនាទីជាកាន់តែធំ និងសកម្មជាងមុន នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត ខណៈដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងឥតឈប់ឈរ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនកាលកំណត់ថ្ងៃទី៩ ខែកក្កដា។
លោក Merz បានប្រាប់អ្នកសារព័ត៌មានថា លោកមាននូវកិច្ចប្រជុំប្រកបដោយផលិតភាពជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន កាលពីថ្ងៃទី៥ ខែមិថុនា ហើយមេដឹកនាំទាំង២ បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ ជុំវិញពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។

មេដឹកនាំអាល្លឺម៉ង់ បានបញ្ជាក់ថា លោក និងលោក Trump បានជជែកគ្នាយ៉ាងយូរ អំពីបញ្ហាពាណិជ្ជកម្ម និងពន្ធ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកលោក នៅឯការិយាល័យប្រធានាធិបតី Oval Office ហើយបានបន្តរហូតដល់ពេលទទួលទានអាហារថ្ងៃត្រង់ ជាពេលដែលលោក Merz បាននិយាយថា លោកបានរំលេចពីរោងចក្រផលិតដំណើរការដោយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ នៅសហរដ្ឋអាមេរិក។
លោក Merz បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា «យើងនឹងបញ្ជូនមន្ត្រីទៅពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជុំវិញប្រធានបទទាំងនេះ។ យើងចង់ឈានដល់ដំណោះស្រាយដែលទទួលយកបានទាំងសងខាង» ដោយលោកបានកត់សម្គាល់បន្ថែមថា បើទោះបីជា EU ទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ប្រទេសអាល្លឺម៉ង់មានតួនាទីយ៉ាងសំខាន់ ដោយសារទំហំនៃការនាំចេញ។
គួរបញ្ជាក់ថា លោក Trump បានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា សម្រាប់ប្លុក EU ដែលមានសមាជិក ២៧ប្រទេស និងដៃគូពាណិជ្ជកម្មផ្សេងទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ចៀសអត្រាពន្ធខ្ពស់។ មន្ត្រីសហរដ្ឋអាមេរិក និង EU បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែមិថុនា ហើយបាននិយាយថា ការចរចាមានលក្ខណៈស្ថាបនា និងវឌ្ឍនភាពយ៉ាងឆាប់រហ័ស៕
