អង្គការ និងស្ត្រីជាច្រើននាក់ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីអាហ្វហ្គានីស្ថានដែលធ្វើការឲ្យអង្គការសហប្រជាជាតិនៅទីក្រុងកាប៊ុល ត្រូវបានគំរាមកំហែងដោយបុរសមិនស្គាល់អត្តសញ្ញាណ ដោយសារតែការងាររបស់ពួកគេ។
ស្ត្រីជាច្រើននាក់ ដែលធ្វើការឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិនានា បានប្រាប់កាសែតAFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេត្រូវបានគំរាមកំហែងនៅតាមផ្លូវ និងតាមទូរស័ព្ទ ដោយបុរសព្រមានពួកគេឲ្យ«ស្នាក់នៅផ្ទះ»។

បុគ្គលិកអង្គការសហប្រជាជាតិឈ្មោះ Huda ដែលមិនមែនជាឈ្មោះពិតរបស់ខ្លួនទេ បាននិយាយថា អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ខ្លួនត្រូវការវាយប្រហារដោយសាររំលោភបំពានខ្លួនពីបទ«ធ្វើការជាមួយជនបរទេស»។
ស្ត្រីវ័យក្មេងរូបនេះ បានប្រាប់សារព័ត៌មានAFP ថា៖ «សារបន្តមកដល់ ហើយពួកគេតែងតែយាយីយើង… ដោយនិយាយថា «កុំឲ្យខ្ញុំជួបអ្នកទៀតឡើយ»។
នាង Huda បាននិយាយថា ការិយាល័យរបស់ខ្លួន បានណែនាំខ្លួនឲ្យធ្វើការពីផ្ទះ រហូតដល់មានការជូនដំណឹងបន្ថែម។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្កានីស្ថាន (UNAMA) បានបញ្ជាក់ថា បុគ្គលិកអង្គការសហប្រជាជាតិ ត្រូវបានគេគំរាមកំហែង។
