ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាង ៩០% នៃប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប ខ្វះប្រាក់ ដែលត្រូវការដើម្បីទិញអាហារតិចតួច ដែលនៅតែមានលក់នៅលើទីផ្សារ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«សាច់ ទឹកដោះគោ បន្លែ និងផ្លែឈើស្ទើរតែគ្មានពីរបបអាហាររបស់មនុស្ស ហើយពុំមានស៊ុតលក់នៅលើទីផ្សារម្តងទៀត»។

អង្គការ OCHA ចង្អុលបង្ហាញថា៖«ការផ្គត់ផ្គង់ បន្តធ្លាក់ចុះ ដោយសារអ្វីដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងតំបន់ហ្កាហ្សា គឺមានចំនួនតិចណាស់។ ជាពិសេសអាហារប្រហែល ២៥០.000កញ្ចប់ ត្រូវបានចែកចាយនៅតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ក្នុងសប្តាហ៍នេះ ធ្លាក់ចុះពីជាងមួយលានកញ្ចប់ នៅចុងខែមេសា។
យោងតាមរដ្ឋាភិបាលតំបន់ហ្កាហ្សា រថយន្តដឹកទំនិញប្រហែល ៥០០គ្រឿង ដែលដឹកជំនួយមនុស្សធម៌គួរតែមកដល់តំបន់នេះ ជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនក្នុងតំបន់នេះ។ នៅថ្ងៃទី ១៨ ខែឧសភា កងទ័ពអ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមសកម្មភាពយោធា នៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាផ្នែកនៃប្រតិបត្តិការ Gideon's Chariots ។ កាលពីថ្ងៃទី ១៩ ខែឧសភា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ពួកគេនឹងអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ស្បៀងអាហារជាមូលដ្ឋាន ដល់តំបន់ហ្កាហ្សា ដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រោះទុរភិក្ស នៅក្នុងតំបន់នេះ។
