ក្រុមអភិរក្សនិយមរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឹងប្រែងស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីរងបរាជ័យយ៉ាងធំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងសប្តាហ៍នេះ ដែលបានធ្វើឲ្យនៅសល់អំណាចតិចតួច ក្នុងការប្រជែងជាមួយបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ (DP)។
មេដឹកនាំថ្មី លោក Lee Jae-myung និងគណបក្សរបស់លោក ឥឡូវនេះ គ្រប់គ្រងទាំងសភា និងតំណែងប្រធានាធិបតី ដោយការបោះឆ្នោតកាលពីថ្ងៃទី៣ ខែមិថុនា បង្ហាញពីកំហឹងដែលកំពុងឆាបឆេះក្ដៅងំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol កាលពីខែធ្នូឆ្នាំមុន។

ការប៉ុនប៉ងគ្រប់គ្រងដោយកម្លាំងយោធា បាននាំទៅដល់ការទម្លាក់លោក Yoon ចេញពីតំណែង និងការបរាជ័យជាយថាហេតុនៃគណបក្សអំណាចប្រជាជន (PPP) ដែលមិនអាចយកឈ្នះលើការបែកបាក់ក្នុងក្រុមអភិរក្សនិយម និងមិនអាចរួបរួមគ្នា ជុំវិញបញ្ហាតែងតាំងបេក្ខជនតែម្នាក់។
ការបរាជ័យនេះបានធ្វើឲ្យមេដឹកនាំអភិរក្សនិយម ទម្លាក់កំហុស និងបន្ទោសគ្នាទៅវិញទៅមក ខណៈដែលគណបក្សស្វែងរកទិសដៅថ្មី។ កាលពីថ្ងៃទី៥ ខែមិថុនា មេដឹកនាំជាន់ខ្ពស់របស់បក្ស PPP គឺសមាជិកសភា លោក Kweon Seong-dong បានលាលែងពីតំណែង ហើយបានអំពាវនាវឲ្យគណបក្សនេះសម្អាតកេរ្តិ៍ឈ្មោះរបស់ខ្លួន និងស្ដារចលនាអភិរក្សនិយមឡើងវិញ៕
