ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) បានរាយការណ៍ថា រដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញឲ្យប្រទេសស៊ែប៊ី និងបណ្តាប្រទេសនៅតំបន់បាល់កង់ផ្សេងទៀត ទទួលយកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។
សារព័ត៌មាន Bloomberg បានឲ្យដឹងថា សំណើទៅកាន់បណ្តាប្រទេសក្នុងតំបន់នេះ គឺជាផ្នែកនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរករដ្ឋាភិបាលបរទេសដែលមានបំណងទទួលជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេស។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានឡើយ។ ហើយសេតវិមាន ក្រសួងការបរទេសអាមេរិក និងក្រសួងការបរទេសស៊ែប៊ី ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការសុំការអត្ថាធិប្បាយ។
កាលពីខែមុន តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចអនុញ្ញាតឲ្យរដ្ឋបាលរបស់លោក Trump លុបចោលឋានៈស្របច្បាប់បណ្តោះអាសន្នរបស់ជនអន្តោប្រវេសន៍រាប់សិបម៉ឺននាក់មកពីវេណហ្ស៊ុយអេឡា គុយបា ហៃទី និងនីការ៉ាហ្គា ដែលរស់នៅសហរដ្ឋអាមេរិក ដោយជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ក្នុងការបង្កើនការនិរទេស។
របាយការណ៍របស់សារព័ត៌មាន Bloomberg បានបន្ថែមថា រដ្ឋបាលលោក Trump បាននិងកំពុងស្វែងរកប្រទេសផ្សេងៗ សម្រាប់ជនអន្តោប្រវេសន៍ដែលអាចត្រូវបាននិរទេស ដោយសារការសម្រេចរបស់តុលាការនេះ៕
