នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃសុក្រ (ទី៦ ខែមិថុនា) បាននិយាយថា ប្រទេសរបស់លោក នឹងមិនបន្ធូរបន្ថយច្បាប់ជីវសុវត្ថិភាពដ៏តឹងរ៉ឹងនោះឡើយ អំឡុងការចរចាបញ្ហាពន្ធជាមួយសហរដ្ឋអាមេរិក ដោយការលើកឡើងនេះកើតមាននៅមុនជំនួបដែលអាចកើតមានជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង៧ (G7) ក្នុងខែមិថុនានេះ។
អូស្ត្រាលីបានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើការនាំចូលសាច់គោអាមេរិក ចាប់តាំងពីឆ្នាំ២០០៣ ដោយសាររកឃើញជំងឺគោឆ្កួត ប៉ុន្តែប្រទេសនេះបាននាំចេញសាច់គោដែលមានតម្លៃ ៤ពាន់លានដុល្លារអូស្ត្រាលី (២,៦ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន។
លោក Albanese បានប្រាប់វិទ្យុ ABC ថា៖ «យើងនឹងមិនផ្លាស់ប្តូរ ឬសម្របសម្រួលបញ្ហាណាមួយទាក់ទងនឹងច្បាប់ជីវសុវត្ថិភាពនោះឡើយ ពោលគឺមិនមានការចរចាអ្វីទាំងអស់។ វាមិនមានតម្លៃនោះទេ ក្នុងការប្រថុយប្រថានសម្រួលដល់ច្បាប់នេះ»។

លោក Trump កាលពីខែមេសា បានលើកឡើងជាពិសេសពីសាច់គោអូស្ត្រាលី ខណៈពេលដែលបានប្រកាស អំពីពន្ធមូលដ្ឋាន ១០ភាគរយលើការនាំចូលទាំងអស់។
អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលសហរដ្ឋអាមេរិកជាធម្មតាមានអតិរេកពាណិជ្ជកម្មជាមួយ ជាចំណុចមួយដែលជារឿយៗមន្ត្រី និងសមាជិកសភាអូស្ត្រាលី លើកយកមកជជែកតវ៉ាប្រឆាំងនឹងការដំឡើងពន្ធរបស់លោក Trump។
ប្រទេសនេះបានកត់ត្រាអតិរេកពាណិជ្ជកម្មដ៏កម្រជាមួយសហរដ្ឋអាមេរិក ក្នុងខែមករា បន្ទាប់ពីការនាំចេញមាស បានកើនឡើងដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ លោក Albanese បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំ «ទល់មុខ» ជាមួយលោក Trump ប៉ុន្តែមិនបានបញ្ជាក់ថា តើវានឹងកើតឡើងនៅពេលណានោះឡើយ៕
