អង្គភាពសារព័ត៌មាន និងសមាគមសេរីភាពសារព័ត៌មានជាង ១៣០ស្ថាប័ន កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) បានអំពាវនាវឲ្យអ៊ីស្រាអែលដកបម្រាម ដែលហាមឃាត់ស្ទើរទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមិនឲ្យចូលទៅកាន់តំបន់ហ្កាហ្សា ខណៈពេលដែលអំពាវនាវឲ្យមានការការពារបន្ថែមទៀត សម្រាប់អ្នកសារព័ត៌មានប៉ាឡេស្ទីន នៅក្នុងដែនដីនេះ។
អ៊ីស្រាអែល បានបិទមិនឲ្យអ្នកសារព័ត៌មានបរទេសភាគច្រើនចូលទៅកាន់តំបន់ហ្កាហ្សាដោយឯករាជ្យនោះឡើយ ចាប់តាំងពីខ្លួនបានចាប់ផ្តើមធ្វើសង្រ្គាម នៅទីនោះ បន្ទាប់ពីមានការវាយប្រហារមិនធ្លាប់មានពីមុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។

លិខិតចំហដែលចែករំលែកដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន និងអ្នករាយការណ៍ពត៌មានគ្មានព្រំដែន បានហៅការរឹតបន្តឹងនេះថា ជា «ស្ថានភាពដែលមិនធ្លាប់មានពីមុនមក នៅក្នុងសង្គ្រាមសម័យទំនើប»។ អ្នកចុះហត្ថលេខា រួមមាននាយកសារព័ត៌មានពិភពលោកនៃទីភ្នាក់ងារសារព័ត៌មាន AFP លោក Phil Chetwynd និពន្ធនាយករបស់សារព័ត៌មាន The Associated Press (AP) លោកស្រី Julie Pace និងនិពន្ធនាយកសារព័ត៌មានអ៊ីស្រាអែល លោក Haaretz Aluf Benn។
លិខិតនោះបានរៀបរាប់ថា អ្នកសារព័ត៌មានប៉ាឡេស្ទីនជាច្រើននាក់ ដែលជាប្រភពព័ត៌មានដ៏សំខាន់ពីខាងក្នុងតំបន់ហ្កាហ្សា ប្រឈមនឹងការគំារមកំហែងយ៉ាងខ្លាំង។ លិខិតនោះនេះបានបន្ថែមថា៖ «អ្នកសារព័ត៌មានក្នុងស្រុកដែលមានជំហររឹងមាំបំផុត ក្នុងការប្រាប់នូវការពិត ប្រឈមនឹងការផ្លាស់ទីលំនៅ និងភាពអត់ឃ្លាន»។
លិខិតនោះបានសង្កត់ធ្ងន់ថា៖ «មកទល់ពេលនេះ អ្នកសារព័ត៌មានជិត ២០០នាក់ ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែល។ ហើយជាច្រើននាក់ទៀតបានរងរបួស និងប្រឈមជាមួយការគំរាមកំហែងដល់អាយុជីវិត សម្រាប់ការបំពេញការងាររបស់ពួកគេ ក្នុងការបង្ហាញនូវអ្វីដែលបានកើតឡើង។ នេះជាការវាយប្រហារដោយផ្ទាល់លើសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន»៕


