បាល់ទាត់៖ ក្រុម FC Barcelona បានបិទបញ្ចប់ឆ្នាំ២០២១ របស់ខ្លួនដោយស្មើនៅទឹកដី Sevilla ១-១ យប់មិញនៃសប្តាហ៍ទី១៨ ក្រុមខណ្ឌអេស្បាញ La Liga។ ក្រុមរបស់លោក Xavi Hernandez ខកខានបីពិន្ទុដែលអាចឡើងទៅឈរលេខ ៤ បាន។

ក្រុមម្ចាស់ផ្ទះ Sevilla បានបើកការនាំមុខនៅនាទីទី៣២ ដោយ Alejandro Gomez ក្រោយទទួលបាល់ពីអតីតខ្សែបម្រើរបស់ Barcelona, Ivan Rakitic។ មុនចប់វគ្គទី១ Barcelona ក៏តាមស្មើវិញនៅនាទីទី៤៥ ដោយ Ronald Araujo។ វគ្គទី២ Sevilla សល់គ្នាតែដប់នាក់នៅពេល Jules Kounde ទទួលបានកាតក្រហមក្រោយកំហុសលើ Jordi Alba នៅនាទីទី៦៤។ តែនាទីនៅសល់ Barcelona មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Sevilla បានឡើយខណៈការប្រកួតបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។ មួយពិន្ទុនេះ Barcelona ឡើងមកលេខ ៧ មាន ២៨ពិន្ទុ ខណៈ Sevilla បន្តឈរលេខ ២ មាន ៣៨ពិន្ទុដេញពីក្រោយ Real Madrid ៥ពិន្ទុ។ មួយប្រកួតទៀតយប់មិញ Villarreal យកឈ្នះ Alaves ៥-២ ឡើងមកលេខ ៩ ក្នុងតារាង៕
អត្ថបទ៖នាង សុភាវុធ