កីឡាការិនីវាយកូនបាល់លេខមួយពិភពលោក Aryna Sabalenka បានបន្តដំណើរស្វែងរកជើងឯក Grand Slam, French Open ដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះជើងឯកបួនសម័យ Iga Swiatek ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនីបេឡារុសរូបនេះ នឹងត្រូវជួបជាមួយ Coco Gauff នៅវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីកីឡាការិនីអាមេរិករូបនេះ បញ្ចប់ក្តីស្រមៃកីឡាការិនីបារាំង Lois Boisson។
Aryna Sabalenka មានការប្រកួតដ៏ជក់ចិត្តមួយជាមួយកីឡាការិនីប៉ូឡូញ Iga Swiatek បន្ទាប់ពីអ្នកទាំងពីរយកឈ្នះម្នាក់មួយសិត ៧-៦(៧-១) និង ៤-៦ មុនពេលដែល Sabalenka យកឈ្នះតែឯង ៦-០ នៅសិតទីបីប្រើពេលត្រឹម ២២ នាទីដើម្បីបញ្ចប់ដំណើរឈ្នះជាប់គ្នា ២៦ ប្រកួតរបស់ Iga Swiatek នៅ French Open នេះ។
Sabalenka នៅពេលនេះមានឱកាសស្វែងរកជើងឯក Grand Slam ដំបូងនៅលើទីលានដីក្រហម បន្ទាប់ពីជើងឯកបីលើកកន្លងមកសុទ្ធតែឈ្នះនៅលើទីលានរឹង។
ជាការបង្ហាញខ្លួនដំបូងផងដែរសម្រាប់ Aryna Sabalenka ដែលមិនធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ French Open នេះ ឡើយ ដោយនឹងត្រូវជួបជាមួយអតីតជើងឯករងឆ្នាំ ២០២២ Coco Gauff។
កីឡាការិនីអាមេរិក Coco Gauff ហាក់មិនមានការលំបាកឡើយនៅពេលជួបកីឡាការិនីបារាំងលំដាប់លេខ ៣៦១ ពិភពលោក Lois Boisson ដែលឡើងមកកាន់វគ្គនេះគួរឱ្យភ្ញាក់ផ្អើល។
Lois Boisson ជាកីឡាការិនីបារាំងដំបូងតាំងពីឆ្នាំ ២០១១ ដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នេះ ដោយនាងបានទម្លាក់ជើងខ្លាំងជាច្រើនដូចជា Jessica Pegula និង Mirra Andreeva ជាដើម។
ទើបមកជួប Coco Gauff លើកនេះ Lois Boisson ហាក់គ្មានអ្វីតបតរឡើយ ខណៈកីឡាការិនីអាមេរិកយកឈ្នះពីរសិតផ្ទួនៗ ៦-១ និង ៦-២។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនារីនឹងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះ ខណៈវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសធ្វើនៅថ្ងៃអាទិត្យ។
Novak Djokovic ជួប Jannik Sinner ខណៈ Carlos Alcaraz ជួប Lorenzo Musetti វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃសុក្រនេះ៕ អត្ថបទ៖នាង សុភាវុធ