រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានព្រមាននៅថ្ងៃសុក្រនេះថា អ៊ីស្រាអែលនឹងបន្តវាយប្រហារប្រទេសលីបង់ រហូតដល់ប្រទេសនេះដកអាវុធពីក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប្រទេសនេះ ទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរូត (Beirut)។

លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នឹងមិនមានភាពស្ងប់ស្ងាត់ នៅក្នុងទីក្រុង បេរូត និងគ្មានសណ្តាប់ធ្នាប់ ឬស្ថិរភាព នៅក្នុងប្រទេសលីបង់ ប្រសិនបើគ្មានសន្តិសុខសម្រាប់រដ្ឋអ៊ីស្រាអែលនោះទេ។ កិច្ចព្រមព្រៀង ត្រូវតែអនុវត្ត ហើយប្រសិនបើអ្នកមិនធ្វើអ្វីដែលចាំបាច់ យើងនឹងបន្តធ្វើសកម្មភាព ហើយដោយកម្លាំងដ៏ច្រើន»។
ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានថ្កោលទោស «ការឈ្លានពាន»របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់នៅថ្ងៃ ថ្ងៃសុក្រនេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានពណ៌នាអំពីការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា«ជាការឈ្លានពានយ៉ាងច្បាស់ប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់»។
