ក្រុមហ៊ុនអវកាស ispace របស់ជប៉ុន និយាយថា យានចុះចតគ្មានមនុស្សលើឋានព្រះចន្ទ ទំនងជាធ្លាក់នៅលើផ្ទៃព្រះចន្ទ អំឡុងពេលប៉ុនប៉ងចុះចតឋានព្រះចន្ទនៅថ្ងៃសុក្រនេះ ធ្វើឲ្យវាក្លាយជាបរាជ័យមួយទៀត ក្នុងរយៈពេល ២ឆ្នាំ ក្រោយបេសកកម្មពុំបានជោគជ័យរបស់ពួកគេ ។
ក្រុមហ៊ុន ispace និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានអវកាស Resilience ដែលជាយានចុះចតឋានព្រះចន្ទទី ២របស់ក្រុមហ៊ុន ispace មិនអាចបន្ថយល្បឿនលឿនបានគ្រប់គ្រាន់ ពេលវាខិតជិតផ្ទៃឋានព្រះចន្ទ ហើយក្រុមហ៊ុនមិនអាចទាក់ទងជាមួយយានអវកាសនេះបាននោះទេ ក្រោយការចុះចតដ៏លំបាក ។

ការផ្សាយផ្ទាល់របស់ក្រុមហ៊ុនពីការប៉ុនប៉ងចុះចត ឃើញទិន្នន័យហោះហើររបស់យាន Resilience បាត់បង់ រយៈពេលតិចជា ២នាទី មុនការចុះចតបានកំណត់នៅព្រឹកថ្ងៃសុក្រ ។
លោក Takeshi Hakamada គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន ispace និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតូក្យូនាព្រឹកថ្ងៃសុក្រនេះថា ផ្អែកលើកាលៈទេសៈទាំងនេះ ពួកយើងអាចសន្មត់បានថា មាននូវលទ្ធភាពខ្ពស់ដែលយានចុះចតក្រុមហ៊ុនរបស់ពួកយើង ពិបាកចុះចតនៅលើឋានព្រះចន្ទ ។ លោកថ្លែងបែបនេះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមហ៊ុនរបស់លោកសង្ឃឹមថា នឹងអបអរសាទរការចុះចតឋានព្រះចន្ទដោយជោគជ័យ ។
នៅក្នុងបន្ទប់មានមនុស្សជាង ៥០០នាក់ដែលជានិយោជិកក្រុមហ៊ុន ispace ម្ចាស់ភាគហ៊ុន ក្រុមអ្នកឧបត្ថម្ភ និងក្រុមមន្រ្តីរដ្ឋាភិបាលជប៉ុន ហាក់មានសភាពស្ងប់ស្ងាត់ខ្លាំង អំឡុងពេលមើលព្រឹត្តការណ៍ជាសាធារណៈនេះ នៅក្រុមហ៊ុនហ៊ុនដៃគូបេសកកម្ម Sumitomo Mitsui Banking Corp ស្ថិតក្នុងទីក្រុងតូក្យូ ។
ក្រុមហ៊ុន ispace ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ សង្ឃឹមថានឹងចូលរួមជាមួយក្រុមហ៊ុន Intuitive Machines និងក្រុមហ៊ុន Firefly Aerospace របស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតដែលសម្រេចបានការចុះចតនៅលើឋានព្រះចន្ទដោយជោគជ័យ ស្របពេលមានការប្រកួតប្រជែងសកលសម្រាប់ឋានព្រះចន្ទ រួមទាំងបេសកកម្មគ្រប់គ្រងដោយរដ្ឋមកពីប្រទេសចិន និងឥណ្ឌាផងដែរ ៕
