ក្រុមគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលផ្តល់ជំនួយ នៅតំបន់ហ្កាហ្សា នាថ្ងៃសុក្រ (ទី៦ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ទីកន្លែងចែកចាយជំនួយទាំងអស់របស់ខ្លួន ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម ដោយជំរុញឲ្យអ្នកស្រុកនៅឲ្យឆ្ងាយពីទីតាំងទាំងនេះ «ដើម្បីសុវត្ថិភាពរបស់ខ្លួន» ក្រោយមានការបាញ់ប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ជាបន្តបន្ទាប់។
មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលកាលពីសប្តាហ៍មុន បានចាប់ផ្តើមផ្តល់អាហារដល់ប្រជាជនប៉ាឡេស្ទីនពេញដោយភាពស្រេកឃ្លាន នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានហែកហួរដោយសង្រ្គាម បានប្រាប់ថា កាលបរិច្ឆេទបើកដំណើរការឡើងវិញ នឹងត្រូវបានប្រកាសនាពេលក្រោយ។

GHF បានបើកទីតាំងចំនួន ២ នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) បន្ទាប់ពីបិទទីកន្លែងចែកចាយទាំងអស់របស់ខ្លួននៅមួយថ្ងៃមុននោះ ក្រោយមានការបាញ់ប្រហារ នៅតំបន់ជុំវិញកន្លែងប្រតិបត្តិការរបស់ខ្លួន។ រហូតមកដល់ពេលនេះ ក្រុមនេះបានដំណើរការមជ្ឈមណ្ឌលចែកចាយចំនួន ៤កន្លែង។
គួរបញ្ជាក់ថា មូលនិធិនេះមិនបានប្រតិបត្តិការតាមរយៈភ្នាក់ងារផ្តល់ជំនួយតាមបែបប្រពៃណីនោះឡើយ ហើយត្រូវបានរិះគន់ពីសំណាក់អង្គការមនុស្សធម៌នានា ក្នុងនោះរួមទាំងអង្គការសហប្រជាជាតិផងដែរ ដោយមានចោទប្រកាន់ថា ខ្វះអព្យាក្រឹតភាពក្នុងចែកចាយជំនួយ ជាការលើកឡើង ដែលក្រុមនេះបានបដិសេធ។
GHF បានបញ្ឈប់ការចែកចាយជំនួយ កាលពីថ្ងៃពុធ ហើយបានផ្ដល់ហេតុផលថា ខ្លួនកំពុងដាក់សម្ពាធឲ្យកងកម្លាំងអ៊ីស្រាអែលធ្វើឲ្យប្រសើរឡើង សម្រាប់សុវត្ថិភាពជនស៊ីវិល ពោលគឺលើសពីបរិវេណនៃប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ នៅជិតទីតាំងចែកចាយ ក្នុងទីក្រុង Rafah រយៈពេល ៣ថ្ងៃជាប់គ្នា៕

