អង្គការសហប្រជាជាតិ(UN)រាយការណ៍ថា កុមារជាង ២.៧០០នាក់ អាយុក្រោម ៥ឆ្នាំនៅតំបន់ហ្កាហ្សា ធ្វើរោគវិនិច្ឆ័យរកឃើញមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ធ្វើឲ្យវាក្លាយជាកំណើនយ៉ាងឆាប់រហ័សនៃចំនួនកុមាររងគ្រោះដោយសារស្ថានភាពសុខភាពធ្ងន់ធ្ងរបែបនេះ ចាប់តាំងពីពិនិត្យកាលពីខែកុម្ភៈ ។

UN បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងចំណោមកុមារ ៤៧.០០០នាក់ អាយុក្រោម ៥ឆ្នាំដែលត្រូវបានពិនិត្យរកមើលកង្វះអាហារូបត្ថម្ភនៅពាក់កណ្តាលទី ២នៃខែឧសភា ចំនួន៥,៨ភាគរយនៃពួកគេ(ស្មើនឹង ២.៧៣៣នាក់) ត្រូវបានរកឃើញរងគ្រោះដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ពោលគឺស្មើនឹងជិត ៣ដងនៃចំនួនកុមារដែលបានធ្វើរោគវិនិច្ឆ័យស្វែងរកកង្វះអាហារូបត្ថម្ភកាលពីរយៈពេល ៣ខែមុន ។
យោងតាមរបាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA)បានឲ្យដឹងថា ចំនួនកុមារមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលត្រូវការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងប្រហែលទ្វេដងនៅក្នុងខែឧសភា ធៀបនឹងខែមុនៗ ។
OCHA និយាយថា កុមារជាង ១៦.៥០០នាក់ មានអាយុក្រោម ៥ឆ្នាំ ត្រូវបានរកឃើញ និងព្យាបាលសម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ចាប់តាំងពីខែមករារហូតមក ៕
