ប្រណាំងយានយន្ត៖ កីឡាការិនី Merce Marti និងជំនួយការ Margot Llobera នឹងបង្កើតប្រវត្តិសាស្ត្រថ្មីនៅខែមករាខាងមុខនេះ ជាក្រុមកីឡាការិនីប្រណាំងយានយន្តដំបូង ដែលចូលរួមព្រឹត្តិការណ៍ប្រណាំងយានយន្តចំងាយឆ្ងាយ Dakar Rally។ កីឡាការិនីទាំងពីរនឹងប្រឡូកការប្រកួត Rally ដែលលំបាកបំផុតនៅលើលោកជាមួយនឹងក្រុមប្រណាំង FN Speed Team ដែលក្រុមនេះគ្រប់ផ្នែកទាំងអស់សុទ្ធតែជាស្ត្រី។

Marti និងជំនួយ Llobera នឹងជាក្រុមកីឡាការិនីដំបូងក្នុងរយៈពេល ៤៤ឆ្នាំនៃប្រវត្តិសាស្ត្រ Dakar Rally។ តាមពិតទៅ Merce Marti ដំបូងហាត់បើកបរយន្តហោះទេគឺតាំងពីអាយុ ១៧ឆ្នាំម្ល៉េះ តែពាក់ព័ន្ធនឹងយានយន្តនាងចូលចិត្តទាំងអស់ ហើយនាងបានពុះពាររហូតសំរេចបំណងមួយនេះទៀត។ ភាពផ្សងព្រេងជាអ្នកកីឡាក៏បានធ្វើឱ្យ Marce Marti ត្រូវបានដាក់បញ្ចូលក្នុងចំណោមអត្តពលិកអេស្ប៉ាញទាំង ១០០ ដែលបានពុះពារដើម្បីសំរេចសមិទ្ធផល។ Llobera និង Merce Marti នឹងចាកចេញទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២៧ ខែធ្នូនេះ ខណៈការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា។ ការប្រកួតមានសរុប ១២ដំណាក់កាលចេញដំណើរ និងបញ្ចប់នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖នាង សុភាវុធ