រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមឃើញមីស៊ីលជាច្រើនគ្រាប់វាយប្រហារត្រូវចំទីក្រុង Lutsk ស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែននាថ្ងៃសុក្រនេះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រអាចបញ្ជាក់បានទីតាំងនៃវីដេអូពីទីតាំអគារដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។

ចំណែកឯកាលបរិច្ឆេតនៃការថតវីដេអូ ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ពីសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង Lutsk លោក Ihor Polishchuk ដែលនិយាយថា មនុស្ស ៥នាក់ បានរងរបួស ពេលការវាយប្រហារនៅថ្ងៃសុក្រនេះ ធ្វើឲ្យខូចខាតផ្ទះឯកជនជាច្រើនខ្នង ស្ថាប័នអប់រំ និងអគាររដ្ឋាភិបាល ។
សូមបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំលើរដ្ឋធានីគីវរបស់អ៊ុយក្រែននៅព្រឹកថ្ងៃសុក្រនេះ ដោយបានសម្លាប់មនុស្ស ៤នាក់ ។
ក្រុមមន្រ្តីក្នុងស្រុក និយាយថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរុស្ស៊ីលើរដ្ឋធានីគីវ ៕
