ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា បានធ្វើដំណើរទៅកាន់ផ្នូរមនុស្សជាទីស្រលាញ់របស់ពួកគេ នៅថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha នាថ្ងៃសុក្រនេះ ដើម្បីបួងសួងដល់វិញ្ញាណកក្ខន្ធអ្នកដែលពួកគេបាត់បង់ ។
នៅក្នុងចំណោមពួកគេគឺជាអ្នកស្រី Umm Ahmad Awida ដែលបាត់បង់កូនប្រុស Mohammed in Rafah របស់គាត់ និងអ្នកស្រី Suher Shefka ដែលបានបាត់បង់កូនប្រុសអាយុ ១៨ឆ្នាំ Abdul Salam នៅទីក្រុង Khan Younis អំឡុងសង្រ្គាម ។
យោធាអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការសឹករបស់ពួកគេនៅហ្កាហ្សា ចាប់តាំងពីការដួលរលំបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាសកាលពីខែមីនា ដោយពួកគេដណ្តើមបានគ្រប់គ្រងដែនដីមួយនេះកាន់តែច្រើន ដោយមានការជំរុញពីរដ្ឋាភិបាល ក្នុងការបោសសម្អាតក្រុមហាម៉ាសឲ្យទាល់តែអស់ ។
សង្រ្គាមហ្កាហ្សា បានផ្ទុះឡើងចាប់តាំងពីក្រុមជីវពលដឹកនាំដោយក្រុមហាម៉ាសសម្លាប់មនុស្ស ១.២០០នាក់ នៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល អំឡុងការវាយប្រហាររបស់ពួកគេកាលពីខែតុលា ឆ្នាំ ២០២៣ និងបានចាប់ចំណាប់ថ្នូរ ២៥១នាក់ទៅកាន់តំបន់ហ្កាហ្សា ។
អ៊ីស្រាអែល បានឆ្លើយតបវិញជាមួយនឹងយុទ្ធនាការយោធា ដែលបានសម្លាប់ជនប៉ាឡេស្ទីនជាង ៥៤.០០០នាក់ និងបានធ្វើឲ្យដែនដីនៅតំបន់ឆ្នេរមួយនេះ ក្លាយជាកម្ទេចកម្ទី ៕