នៅថ្ងៃសុក្រនេះ ចិនបានអំពាវនាវឲ្យមានវិធានការធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងទ្វេភាគីជាមួយកាណាដា ដោយពួកគេនិយាយថា គ្មានជម្លោះផលប្រយោជន៍ស៊ីជម្រៅនោះទេ បន្ទាប់ពីការកើនឡើងភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនក្នុងចំណោមដៃគូពាណិជ្ជកម្មលោកខាងលិចរបស់ទីក្រុងប៉េកាំង ក្នុងឆ្នាំនេះ ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Li Qiang និយាយប្រាប់សមភាគីកាណាដាលោក Mark Carney តាមទូរស័ព្ទនៅថ្ងៃសុក្រនេះថា ចិនចង់ធ្វើការជាមួយកាណាដា ដើម្បីធ្វើឲ្យទំនាក់ទំនងស្ថិតលើផ្លូវមានស្ថិរភាព និងមានសុខភាព ហើយនិងស្វែងរកដំណោះស្រាយលើកឡើងពីក្តីបារម្ភរបស់ពួកគេរៀងៗខ្លួន តាមរយៈកិច្ចសន្ទនាល្អប្រសើរ ។
លោក Li និយាយថា គ្មានជម្លោះផលប្រយោជន៍មូលដ្ឋានរវាងប្រទេសទាំង ២នោះឡើយ ។
ជំនួបរបស់លោក Li ជាមួយលោក Carney បានកើតមានឡើង បន្ទាប់ពីមានជំនួបតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ ពេលដែលលោក Trumpនិយាយថា នាំឲ្យមានការបញ្ចប់វិជ្ជមានខ្លាំងណាស់ ហើយនិងផ្តល់ក្តីសង្ឃឹមថា សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋធំបំផុតទាំង ២របស់ពិភពលោក អាចនឹងចាប់ផ្តើមថមថយ ។
ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ២របស់កាណាដា បន្ទាប់ពីសហរដ្ឋអាមេរិក ។ កាណាដា បាននាំចេញទំនិញតម្លៃ ៤៧ពាន់លានដុល្លារទៅកាន់ចិន ក្នុងឆ្នាំ ២០២៤ ។ នេះបើយោងតាមទិន្នន័យរបស់គយចិន ៕