អ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី៦ ខែមិថុនា) នេះ បានព្រមានប្រទេសមហាអំណាចអឺរ៉ុបកុំគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច នៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នាសប្តាហ៍ក្រោយ ដែលចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា មិនគោរពតាមច្បាប់ ដោយចាត់ទុកថា ជាការបង្កើតនូវ «កំហុសធ្ងន់ធ្ងរ»។
តាមរយៈបណ្ដាញសង្គម X ដោយសំដៅទៅប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានលើកឡើងថា៖ «ជំនួសឲ្យការចូលរួមដោយស្មោះត្រង់ E3 (អង់គ្លេស បារាំង អាល្លឺម៉ង់) កំពុងជ្រើសរើសយកវិធានការអាក្រក់ ប្រឆាំងនឹងអ៊ីរ៉ង់ នៅឯក្រុមប្រឹក្សាភិបាលរបស់ IAEA»។
លោកបានន្ថែមថា៖ «សូមចងចាំពាក្យសម្ដីរបស់ខ្ញុំ នៅពេលដែលអឺរ៉ុបបង្កើតនូវធ្ងន់ធ្ងរមួយផ្សេងទៀត អ៊ីរ៉ង់នឹងតបតវិញយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការរំលោភសិទ្ធិរបស់ខ្លួន»។
ប្រភពការទូតមួយបានប្រាប់សារព័ត៌មាន AFP ថា ការព្រមានពីអ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់នេះ កើតឡើងនៅពេលដែលរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំង៣ រៀបចំត្រៀមចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រសេចក្ដីសម្រេចស្តីបន្ទោស នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នាសប្តាហ៍ក្រោយ។
ប្រភពបានបន្ថែមថា សេចក្ដីសម្រេចនេះនឹងចោទប្រកាន់អ៊ីរ៉ង់ពីការខកខានមិនបានបំពេញតាមកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួន និងគំរាមបញ្ជូនករណីនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនបើទីក្រុងតេអេរ៉ង់ «មិនបង្ហាញឆន្ទៈសហការដោយល្អ» ទេនោះ៕