វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៦ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែន គឺជាបញ្ហាដែលមានស្រាប់ សម្រាប់រុស្ស៊ី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រដូចវាទៅនឹងការវាយគ្នា នៅទីលានលេងកម្សាន្តរបស់កុមារ។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ពេលខ្លះ អ្នកឃើញក្មេងៗ ២នាក់ កំពុងវាយគ្នាលេងយ៉ាងវក់វី ពួកគេស្អប់គ្នា ហើយពួកគេកំពុងវាយគ្នា នៅក្នុងឧទ្យានមួយ»។ លោកបានបន្ថែមថា៖ «ពេលខ្លះ អ្នកគ្រាន់តែទុកក្មេងៗទាំងនោះវាយគ្នាឲ្យអស់ចិត្តសិន ហើយចូលទៅបំបែកពួកគេចេញ»។
នៅពេលត្រូវបានសួរ អំពីការអត្ថាធិប្បាយនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «ពិតណាស់ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រហែលជាមានទស្សនៈផ្ទាល់ខ្លួនរបស់លោក ចំពោះអ្វីដែលកំពុងកើតឡើង ប៉ុន្តែសម្រាប់យើង នេះគឺជាបញ្ហាដែលមានស្រាប់ វាជាបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍នៃជាតិរបស់យើង នេះគឺជាបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងអនាគតរបស់យើង និងកូនៗរបស់យើង ក៏ដូចជាអនាគតនៃប្រទេសរបស់យើង«។
លោក Peskov បានបន្ថែមថា ទីក្រុងមូស្គូម អរគុណសហរដ្ឋអាមេរិក ដែលប្រឹងប្រែងសម្របសម្រួល ហើយវាជារឿងសំខាន់ណាស់ដែលទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនគួរតែបន្តមានជានិច្ច៕