ទីប្រឹក្សាជាន់ខ្ពស់បីរូបរបស់លោកប្រធានាធិបតី Donald Trump នឹងជួបទល់មុខគ្នាជាមួយសមភាគីចិន នៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី៩ ខែមិថុនា សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរដែលបានធ្វើឲ្យទីផ្សារពិភពលោកជ្រួលច្របល់។

លោក Trump ជាអ្នកដែលបានប្រកាសពីការពិភាក្សានៅក្នុងការបង្ហោះលើវេទិកាសង្គម Truth Social ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិត បាននិយាយថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer នឹងតំណាងឱ្យទីក្រុងវ៉ាស៊ីនតោននៅក្នុងកិច្ចចរចានេះ។ វាមិនទាន់ច្បាស់នោះទេថានរណានឹងតំណាងឱ្យប្រទេសចិន ហើយស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Trump បានសរសេរថា «ជំនួបនេះ នឹងដំណើរការទៅបានល្អ» ។ លោក Trump ក៏បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីចិន លោក Xi Jinping បានព្រមព្រៀងចាប់ផ្តើមឡើងវិញលំហូរសារធាតុរ៉ែ និងមេដែកកម្រទៅកាន់សហរដ្ឋអាមេរិក។ ដោយត្រូវបានសួរផ្ទាល់ដោយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថាតើលោក Xi បានព្រមព្រៀងធ្វើដូច្នេះដែរឬទេ? លោកTrump បានឆ្លើយតបថា «ពិតណាស់ លោកXi បានព្រមព្រៀងធ្វើដូច្នេះ»។ ប្រទេសទាំងពីរស្ថិតនៅក្រោមសម្ពាធដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្រោមសម្ពាធជុំវិញការគ្រប់គ្រងរបស់ប្រទេសចិនលើការនាំចេញរ៉ែកម្រ ដែលប្រទេសនេះជាអ្នកផលិតដ៏លេចធ្លោ ហើយអ្នកវិនិយោគ កាន់តែព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់លោក Trump ក្នុងការដំឡើងពន្ធលើទំនិញពីដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក។