ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកប្រទេសកម្ពុជា ប្រៀបបានដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ប្តូរវេននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយមានមតិរិះគន់ថាកម្ពុជា នឹងមិនអាចដោះស្រាយអ្វីបាននោះឡើយ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេសមីយ៉ាន់ម៉ាជាដើមនោះ។
ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពី «តួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន» នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានលើកឡើងថា ប្រទេសកម្ពុជារងភាពអយុត្តិធម៌ខ្លាំងណាស់ ក្នុងពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ាន ខណៈប្រទេសដទៃដោះស្រាយមិនបានដែរតែគ្មានសម្ពាធ និងការរិះគន់អ្វីនោះទេ ប៉ុន្តែទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិមករករឿង និងដាក់សម្ពាធតែមកលើកម្ពុជាទៅវិញ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្តូរវេន នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទទួលញញួរធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ មានជន អគតិមួយចំនួនបានធ្វើការរិះគន់ និងវាយប្រហារចំពោះសម្តេចតេជោ ដោយលើកឡើងថា នឹងមិនអាចដោះស្រាយបញ្ហាអ្វីបាននោះឡើយ ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម។
យ៉ាងណាក៏ដោយឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានចាត់ទុកការរិះគន់របស់ពួកទាំង នោះពុំសមហេតុសមផល ខណៈប្រទេសដទៃផ្សេងទៀត ដែលមានសេដ្ឋកិច្ចជឿនលឿនជាងប្រទេសកម្ពុជាផង ពេលពួកផងខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក៏ដោះស្រាយបញ្ហាទាំងនេះមិនរួចដែរ តែនាំគ្នាសម្រុករិះគន់តែរាជរដ្ឋាភិបាលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់