ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៦ មិថុនា ថា លោកមិនទាន់បានសម្រេចចិត្តថាតើ ត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី ឬយ៉ាងណា ខណៈកំពុងត្រូវបានពិចារណាដោយព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក។

ព្រឹទ្ធសភា កំពុងថ្លឹងថ្លែងលើសេចក្តីស្នើច្បាប់ដែលនឹងដាក់ទណ្ឌកម្មតឹងរឹងលើប្រទេសរុស្ស៊ី និងទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសនានាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ជុំវិញសង្គ្រាមរបស់ប្រទេសនេះនៅអ៊ុយក្រែន។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «ខ្ញុំនៅពុំទាន់បានសម្រេចចិត្តប្រើប្រាស់ទណ្ឌកម្មនៅឡើយទេ» ហើយ«ខ្ញុំនឹងប្រើប្រាស់ទណ្ឌកម្ម ប្រសិនបើចាំបាច់»។
នៅពេលត្រូវបានសួរអំពីការវាយប្រហារកាលពីពេលថ្មីៗរបស់រុស្ស៊ីលើរដ្ឋធានីគីវរបស់អ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃសុក្រដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ ។

ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រមានពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបញ្ជូនព័ត៌មានតាមរយៈ លោក Trump ថា វិមានក្រឹមឡាំងនឹងវាយបកវិញ បន្ទាប់ពីយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជាច្រើនគ្រឿង នៅក្នុងការវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។