រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល «ទ្រង់ទ្រាយធំ» លើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងតំបន់ផ្សេងទៀតកាលពីថ្ងៃសុក្រ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនទៅលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន។

មន្ត្រីអ៊ុយក្រែន បាននិយាយថា មនុស្ស៥នាក់បានស្លាប់ និង ៨០នាក់បានរងរបួស ដោយការបាញ់មីស៊ីលស៊ីបគោលដៅ និងយានដ្រូនរាប់រយគ្រឿង។
ការវាយប្រហារជាច្រើន បានកំណត់គោលដៅទៅលើរដ្ឋធានីគីវ និងទីក្រុង Chernihiv នៅភាគខាងជើង ព្រមទាំងក្រុង Lutsk និងក្រុង Ternopil នៅភាគពាយព្យ។
រុស្ស៊ី បាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹង «អំពើភេរវកររបស់របបទីក្រុងគីវ» ដោយនិយាយថា ទីតាំងយោធាត្រូវបានដាក់គោលដៅ។ ទីក្រុងមូស្គូ ក៏បានរាយការណ៍ថាបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន១៧៤ គ្រឿង លើផ្នែកមួយចំនួនរបស់រុស្ស៊ី និងបានកាន់កាប់តំបន់គ្រីម៉េ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន «បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយអាវុធរយៈចម្ងាយឆ្ងាយតម្រង់គោលដៅ តាមអាកាស សមុទ្រ និងដីគោក ក៏ដូចជាយានដ្រូនវាយប្រហារ» កាលពីយប់ថ្ងៃព្រហស្បតិ៍។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីលោក Putin បានព្រមានប្រធានាធិបតីអាមេរិក លោក Donald Trump ថាលោក នឹងឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់មួយចំនួនរបស់រុស្ស៊ី។