ការវាយឆ្មក់របស់អង្គភាពអន្តោប្រវេសន៍សហព័ន្ធ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ បាននាំឱ្យមានភាពវឹកវរកាន់តែខ្លាំងឡើងនៅទូទាំងទីក្រុង ខណៈអ្នកតវ៉ា បានប៉ះទង្គិចជាមួយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក(ICE) ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា FBI ត្រូវបានគេហៅឱ្យជួយក្នុងអំឡុងពេលប៉ះទង្គិចគ្នា។ សកម្មភាពអនុវត្តច្បាប់នេះ បានធ្វើឡើងនៅក្នុងតំបន់ដូចជា Garment District និងតំបន់ Westlake។ យោងតាមរបាយការណ៍នៅលើបណ្តាញសង្គមបានឲ្យដឹងថា ការឆ្មក់ចាប់ខ្លួននេះ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៤០នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីចំនួននេះនៅឡើយទេ។

វីដេអូ ដែលត្រូវបានគេចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញពីភាពវឹកវរខណៈហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីរារាំងរថយន្តរបស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក(ICE) ដែលបានរារាំងភ្នាក់ងារមិនឱ្យចាកចេញ។
ឧស្ម័នបង្ហៀរទឹកភ្នែកត្រូវបានដាក់ពង្រាយបន្ទាប់ពីភាពតានតឹងកើនឡើង ហើយរបស់របរជាច្រើនរួមមានទាំងស៊ុត ត្រូវបានគប់ទៅលើរថយន្តរបស់សហព័ន្ធ។