សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ កុំយកបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ រុញច្រានឱ្យក្លាយទៅជាជម្លោះជាតិសាសន៍អី និង បានអំពាវនាវឱ្យនាំគ្នាយកពេលវេលាគាំទ្រ ឧបត្ថម្ភកងទ័ព នៅតាមបណ្ដោយព្រំដែនវិញ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅក្នុង ខេត្តរតនគិរី ដែលជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៧ ខែមិថុនា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង ក្នុង និងក្រៅប្រទេស កុំយកបញ្ហាជម្លោះព្រំដែនទៅពង្រីកសភាពការណ៍នាំឱ្យមានការរើសអើង រវាងជនជាតិ មួយ ជាមួយជនជាតិមួយ នាំរុញច្រានសភាពការណ៍ឲ្យរាលដាលមានជម្លោះទូទាំងប្រទេសទាំងពីរ ត្រូវរួមសហប្រតិបត្តិការបង្កទំនាក់ទំនងអភិវឌ្ឍន៍តាមព្រំដែនឱ្យបានល្អជាមួយប្រទេសជិតខាង។
សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនក្នុង និងក្រៅប្រទេសសប្បុរជនដែលបានចូលរួមផ្ដល់ជាសម្ភារៈស្បៀងអាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី នេះជាការលើកទឹកចិត្តមួយយ៉ាងសំខាន់ដល់កងទ័ពរបស់យើង៕












