សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានជំនឿជាក់ថា ការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន គឺជាកិច្ចការការពារនូវបូរណភាពទឹកដី សម្រាប់រយៈ ពេលវែង ដូច្នេះហើយ បានជារាជរដ្ឋាភិបាលតែងតែខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសផ្លូវថ្នល់នៅ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។
ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ អគារសិក្សា អគារទីចាត់ការ និងអគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានា នៅក្នុងវិស័យអប់រំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧មិថុនានេះ សម្តេចធិបតី បានមានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី មានប្រវត្តិជួបការលំបាកច្រើនណាស់ ពីអតីតកាលដោយសារសង្គ្រាម ប៉ុន្តែឥឡូវនេះ ខេត្តរតនគិរី បានទទួលនូវការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនស្ទើគ្រប់វិស័យ ជាពិសសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនដែលជាយុទ្ធសាស្រ្តការពារបូរណភាពទឹកដី ។
ទោះជាយ៉ាងណាសម្តេចធិបតី បានអះអាងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានដកខ្លួនចេញពី CLV កន្លងទៅនេះ ដែលទាញបានសមិទ្ធផលជាច្រើនរួចទៅហើយក្រោមការជួយគាំទ្រពីដៃគូរសហប្រតិបត្តិការ ដូចជាជប៉ុន និងធនាគារពិភពលោក និងអង្គការនានាជាដើមនោះ ប៉ុន្តែឥឡូវនេះ រាជរដ្ឋាភិបាលក៏មានសមត្ថភាពក្នុងការអភិវឌ្ឍបន្តទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយព្រំដែនដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការការពារបូរណភាពទឹកដី៕
អត្ថបទ មុត សុទ្ធ










